Feature

លោកខូយ រីដា ដឹកនាំគណះប្រតិភូខេត្ត គោរពវិញ្ញាណក្ខន្ធសពមន្រី្តនគរបាល និងប្រជាការពារ ដែលបានពលីជីវិតក្នុងបេសកកម្មបង្ក្រាបករណីប្រើប្រាស់គ្រឿងញៀន និងហឹង្សាក្នុងគ្រួសារនៅឃុំអូរសោម ស្រុកវាលវែង

ពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី ៦ ខែសីហា ឆ្នាំ២០២៦នេះ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកនាយប៉ុស្តិ៍ មន្ត្រីនគរបាលរដ្ឋបាល និងប្រជាការពារ ដែលបានពលីជីវិតក្នុងពេលបំពេញបេសកកម្មអន្តរាគមន៍ បង្ក្រាបករណីប្រើប្រាស់គ្រឿងញៀន និងអំពើហិង្សាក្នុងគ្រួសារ នៅឃុំអូរសោម ស្រុកវាលវែង។

ក្នុងឱកាសដ៏ក្រៀមក្រំនោះ លោក ខូយ រីដា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងការសម្តែងនូវការសោកស្តាយ និងក្តីរន្ធត់ចិត្តជាទីបំផុត ពីសំណាក់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនចំពោះក្រុមគ្រួសារសពនីមួយៗ ដោយសម្ដេចទាំងទ្វេបានចាត់ទុកការពលីរបស់វីរជនកងកម្លាំង និងប្រជាការពារទាំង៥រូប គឺជាការបាត់បង់នូវធនធានមនុស្ស និងទឹកចិត្តស្នេហាជាតិដ៏ខ្ពស់បំផុតក្នុងការការពារសន្តិសុខជូនប្រជាពលរដ្ឋ។

ក្នុងឱកាសនោះ លោក ខូយ រីដា ក៏បាននាំយកអំណោយរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ប្រគល់ជូនដល់គ្រួសារសពមន្ត្រីនគរបាល និងប្រជាការពារដែលបានពលីទាំង៥នាក់ ដោយក្នុងមួយសព ថវិកា១០លានរៀល។ ដោយឡែក រដ្ឋបាលខេត្ត ក្នុងមួយសពថវិកា៥លានរៀល និងគ្រឿងឧបភោគបរភោគមួយចំនួន ក្រៅពីនោះមន្ទីរអង្គភាពនានាជុំវិញខេត្ត ក៏បានឧបត្ថម្ភថវិកាបន្ថែម ដើម្បីជួយដល់ក្រុមគ្រួសារនៃសព សម្រាប់តម្កល់ទុកធ្វើបុណ្យតាមប្រពៃណីផងដែរ។

លោក ខូយ រីដា និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ក៏ដូចជាមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធទូទាំងខេត្តពោធិ៍សាត់ សូមសម្តែងនូវការសោកស្តាយ និងក្តីរន្ធត់ចិត្តជាទីបំផុតជាមួយក្រុមគ្រួសារនៃសព។ ការពលីរបស់លោកនាយប៉ុស្តិ៍ មន្ត្រីនគរបាល និងប្រជាការពារទាំង៥រូប គឺជាការបាត់បង់នូវធនធានមនុស្សដ៏មានតម្លៃបំផុត។ សូមវិញ្ញាណក្ខន្ធរបស់វីរជនទាំងអស់ បានទៅកាន់សុគតិភពខានបីឃ្លាតឡើយ។

លោកអភិបាលខេត្ត សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមជៀសឱ្យឆ្ងាយពីគ្រឿងញៀន និងរួមគ្នាទប់ស្កាត់រាល់សកម្មភាពពាក់ព័ន្ធ ដើម្បីសុវត្ថិភាពសហគមន៍យើងទាំងអស់គ្នា។ ត្រូវចងចាំថា «គ្រឿងញៀនគឺជាចំណុចចាប់ផ្តើមបណ្តាលឱ្យមានអំពើហិង្សាក្នុងគ្រួសារ និងជាភ្នាក់ងារបំផ្លាញសុភមង្គល សន្តិសុខសង្គម ព្រមទាំងបង្កវិនាសកម្មដល់អាយុជីវិតមនុស្ស»៕

ប្រភព÷រដ្ឋបាលខេត្តពោធិ៍សាត់

To Top