យូអិនលើកឡើង ថាពលរដ្ឋក្នុងតំបន់ហ្គាហ្សា ប្រឈមមុខកាន់តែតានតឹង ជាមួយនឹងអំពើហិង្សា បង្កឡើងដោយអ៊ីស្រាអែល ហើយចំនួនកុមារស្លាប់មានកាន់តែច្រើន
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្រុមមនុស្សធម៌របស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ជនស៊ីវិលនៅក្នុងតំបន់ Gaza បន្តប្រឈមមុខនឹងការវាយប្រហារយោធាយ៉ាងខ្លាំងក្លា ការបាញ់ផ្លោង ការបាញ់កាំភ្លើង និងការបាញ់ប្រហារពី កងទ័ពជើងទឹកពីប្រទេស អ៊ីស្រាអែល ក្នុងចំណោមការគំរាមកំហែងផ្សេងទៀត ចំពោះសុវត្ថិភាពរបស់ពួកគេ។
មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា យ៉ាងហោចណាស់កុមារ៣០០ នាក់ ត្រូវបានសម្លាប់នៅហ្គាហ្សាក្នុងរយៈពេល ៣០០ ថ្ងៃចុងក្រោយ ចាប់តាំងពីបទឈប់បាញ់ត្រូវបានប្រកាស ក្នុងខែតុលា ឆ្នាំ២០២៥ ដែលស្មើនឹងជាមធ្យមកុមារម្នាក់ជារៀងរាល់ថ្ងៃ។
ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ហៅកាត់ថាOCHAបាននិយាយថានៅពេលដែលកុមារបន្តរស់នៅក្នុងស្ថានភាពលំបាក រួមទាំងទីជំរកចង្អៀត និងការទទួលបានទឹកស្អាត និងសេវាសុខភាពមានកម្រិត អង្គការសហប្រជាជាតិ និងដៃគូមនុស្សធម៌កំពុងធ្វើអ្វីដែលពួកគេអាចធ្វើបាន ដើម្បីពង្រីកជំនួយ។
កាលពីសប្តាហ៍មុន ដៃគូដែលគាំទ្រសេវាកម្មការពារកុមារបានចែកចាយសម្ភារអនាម័យជាង៨០០រួមជាមួយនឹងធុងទឹក និងសាប៊ូបោកខោអាវ ដល់គ្រួសារដែលផ្លាស់ទីលំនៅចំនួន៥០រួមទាំងកុមារ និងអ្នកថែទាំផងដែរ។ OCHA បាននិយាយថា ពួកគេក៏បានផ្តល់អត្តសញ្ញាណប័ណ្ណកុមារចំនួន ៣០០សន្លឹក និងសៀវភៅកត់ត្រាចំនួន៥០០ក្បាលសម្រាប់កុមារ
ផងដែរ៕
ប្រែសម្រួល៖ស៊ុនលី









