អំណោយមនុស្សធម៌ របស់សម្ដេចធិបតី និងលោកជំទាវពេជ ចន្ទមុន្នី បានប្រគល់ជូនបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្នុងសកម្មភាពមនុស្សធម៌
កំពង់ធំ៖ នៅព្រឹកថ្ងៃទី ៧ ខែ សីហា ឆ្នាំ ២០២៦ លោក នាយឧត្តមសេនីយ៍ គីម ប៊ុនថាន រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននាំយកអង្ករចំនួន ១០ តោន មីជាតិចំនួន ៥០០ កេស ត្រីខកំប៉ុងចំនួន ១០០ កេស ទឹកត្រីទឹកស៊ីអ៉ីវចំនួន ១,០០០ យួរ និងស័ង្កសីចំនួន ២,០០០ សន្លឹក មកប្រគល់ជូនដល់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សម្រាប់ធ្វើសកម្មភាពមនុស្សធម៌ ដោះស្រាយការលំបាកជូនដល់អតីតយុទ្ធជន និងប្រជាពលរដ្ឋក្រីក្រ ដែលមានជីវភាពលំបាកខ្វះខាតនៅក្នុងខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋាន សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ បានឡើងធ្វើរបាយការណ៍ស្វាគមន៍យ៉ាងកក់ក្ដៅជាទីបំផុតចំពោះលោកនាយឧត្តមសេនីយ៍ គីម ប៊ុនថាន រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី ដែលបានដឹកនាំសហការីនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី មកប្រគល់ជូនដល់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បីបន្តសកម្មភាពមនុស្សធម៌ជួយដល់អតីតយុទ្ធជន និងប្រជាពលរដ្ឋដែលមានជីវភាពលំបាកខ្វះខាតនៅពេលនេះ ។ ហើយនៅក្នុងឱកាសនេះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលជានិច្ចកាលតែងតែបានឧបត្ថម្ភស្បៀងអាហារគ្រឿងឧបភោគបរិភោគ សម្ភារៈសំណង់ផ្សេងៗ ជូនដល់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្នុងវិស័យមនុស្សធម៌ នឹងបានប្ដេជ្ញាចិត្តនាំយកស្បៀងអាហារគ្រឿងឧបភោគបរិភោគ និងស័ង្កសីដែលបានផ្ដល់ជូននៅពេលនេះ ទៅឧបត្ថម្ភជូនដល់បងប្អូនអតីតយុទ្ធជន និងប្រជាជនដែលមានជីវភាពលំបាកខ្វះខាតពិតប្រាកដនៅតាមមូលដ្ឋាននានាក្នុងខេត្តកំពង់ធំឲ្យទាន់ពេលវេលា ។

លោក គីម ប៊ុនថាន បានថ្លែងនូវការកោតសរសើរ ចំពោះឧត្តមសេនីយ៍ទោ សោម ស៊ុន និងថ្នាក់ដឹកនាំទាំងអស់នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករកកំពង់ធំ ដែលបានសាមគ្គីភាព ឯកភាពគ្នាល្អ ក្នុងការបំពេញភារកិច្ច ពិសេសបានធ្វើសកម្មភាពយ៉ាងសកម្មក្នុងការការពារ ទប់ស្កាត់ និងបង្ក្រាបទល្មើសធនធានធម្មជាតិ និងការងារមនុស្សធម៌ជាច្រើនជាមួយអតីតយុទ្ធជន មានទាំងការផ្ដល់នូវស្បៀងអាហារ ការសាងសង់ផ្ទះសម្បែងជូនដល់បងប្អូនអតីតយុទ្ធជននៅក្នុងខេត្តកំពង់ធំ។

លោក គីម ប៊ុនថាន បានណែនាំដល់ថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រូវបន្តសាមគ្គីភាព ឯកភាពគ្នា ក្នុងការបំពេញភារកិច្ចឲ្យបានល្អបន្ថែមទៀត និងត្រូវអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ ក្នុងភារកិច្ចការពារជាតិ សាសនា និងព្រះមហាក្សត្រ ។ ជាមួយនោះដែរ ត្រូវបន្តសកម្មភាពឲ្យដូចភ្លៀងរលឹមក្នុងការបម្រើ និងដោះស្រាយការលំបាកជូនដល់បងប្អូនអតីតយុទ្ធជន និងប្រជាជននៅក្នុងខេត្តកំពង់ធំ ឲ្យបានល្អប្រសេីរបន្ថែមទៀត សមស្របតាមទំនុកចិត្តរបស់ថ្នាក់ដឹកនាំយើងដែលលោកបានប្រគល់ភារកិច្ច៕
ដោយ៖ សំនៀង










