សម្ដេចធិបតី និងលោកជំទាវ តាមរយៈលោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ឧបត្ថម្ភប្រេងឥន្ធនៈ សម្រាប់ចាក់សាឡាង ២គ្រឿង ដឹកជញ្ជូនប្រជាពលរដ្ឋ និងសិស្សានុសិស្សចំនួន៣ ឃុំ ឆ្លងកាត់ដងស្ទឹងសែន នៅក្នុងស្រុកសណ្ដាន់ ខេត្តកំពង់ធំ
កំពង់ធំ៖ នៅព្រឹកថ្ងៃទី ៧ ខែ សីហា ឆ្នាំ ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្ដាន់ ខេត្តកំពង់ធំ បាននាំយកប្រេងឥន្ធនៈចំនួន ១,២០០ លីត្រ ដែលជាអំណោយរបស់សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈលោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្ដាន់ ខេត្តកំពង់ធំ ប្រគល់ជូនប្រធានក្រុមប្រឹក្សាឃុំមានជ័យ ឃុំខ្លែង និងឃុំដងកាំបិត សម្រាប់ចាក់សាឡាងចំនួន ២ គ្រឿង ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស ធ្វើដំណើរឆ្លងកាត់ដងស្ទឹងសែន ដែលពិធីនេះប្រព្រឹត្តទៅនៅកំពង់ចម្លងឃុំមានជ័យស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា កាលពីរដូវវស្សាឆ្នាំ ២០២៥កន្លងទៅនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈលោក នួន ផារ័ត្ន អភិបាលខេត្ត កំពង់ធំ បានឧបត្ថម្ភសាឡាងចំនួន ២ គ្រឿង ក្នុងនោះមួយគ្រឿងដាក់នៅឃុំមានជ័យ និងឃុំខ្លែង និងចំនួនមួយគ្រឿងទៀតដាក់នៅឃុំដងកាំបិត សម្រាប់ចម្លងសិស្សានុសិស្ស និងប្រជាជនទាំងបីឃុំនេះ ដើម្បីសុវត្ថិភាពក្នុងការធ្វើដំណើរឆ្លងកាត់ដងស្ទឹងសែន ដោយកន្លងមកការឆ្លងកាត់នៅទីនេះគឺធ្វើដំណើរដោយទូក និងកាណួតតូចៗ។ ហើយនៅក្នងឱកាសនេះដែរ ឧត្ដមសេនីយ៍ទោ សោម ស៊ុន ក៏បានប្រគល់ប្រេងឥន្ធនៈជូនឃុំមានជ័យ និងឃុំខ្លែង មានចំនួន៧០០ លីត្រ និងនៅឃុំដងកាំបិតមានចំនួន៥០០ លីត្រ សម្រាប់ប្រើប្រាស់ក្នុងខែសីហា ឆ្នាំ២០២៦ នេះ ។ ចំពោះការប្រើប្រាស់នៅខែកញ្ញា និងខែតុលា និងដោះស្រាយនៅពេលខាងមុខនេះបន្តទៀត និងបានផ្ដាំផ្ញើដល់អាជ្ញាធរដែនដី ព្រមទាំងក្រុមបច្ចេកទេសបើកបរសាឡាងទាំងពីរគ្រឿង សូមបន្តថែរក្សាគ្រឿងសម្ភារៈបច្ចេកទេស និងការប្រើប្រាស់ប្រេងឥន្ធនៈឱ្យបានសមស្រប ក្នុងការដឹកជញ្ជូនប្រជាពលរដ្ឋប្រកបដោយសុវត្ថិភាព និងស្មារតីទទួលខុសត្រូវខ្ពស់។

លោកស្រី ឡាក់ សៅចាន់ អភិបាលរងស្រុកតំណាងលោក ស៊ិន វណ្ណវុឌ្ឍ អភិបាលស្រុកសណ្ដាន់ និងជាតំណាងឲ្យប្រជាពលរដ្ឋនៅឃុំខ្លែង ឃុំមានជ័យ និងឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានសូមគោរពថ្លែងអំណរគុណដល់ជ្រាលជ្រៅជាទីបំផុត ចំពោះសម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងលោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកសណ្ដាន់ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងឧត្តមសេនីយ៍ទោ សោម ស៊ុន អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុក ដែលបានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងក្នុងការជួយដោះស្រាយនូវរាល់ការលំបាកនានា របស់ប្រជាជននៅក្នុងស្រុកសណ្ដាន់ នារយៈពេលកន្លងទៅនេះ និងសូមគោរពជូនពរសម្ដេច លោក លោកស្រីទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំង ៤ ប្រការកុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ៖ សំនៀង









