Feature

១២ឆ្នាំនេះ ACU និងដៃគូពាក់ព័ន្ធសហការយ៉ាងសកម្មជំរុញការធ្វើកំណែទម្រង់ប្រឡងបាក់ឌុប

ភ្នំពេញ ៖ លោកហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានថ្លែងថា ក្នុងរយៈពេល១២ឆ្នាំកន្លងមកនេះ អង្គភាពប្រឆាំងអំពើពុករលួយ(ACU) និងដៃគូពាក់ព័ន្ធបានសហការគ្នាយ៉ាងសកម្មក្នុងការជំរុញការធ្វើកំណែទម្រង់ការប្រឡងសញ្ញាបត្រទុតិយភូមិ(បាក់ឌុប)ទទួលលទ្ធផលគួរឱ្យកត់សម្គាល់ ។

ក្នុងកិច្ចប្រជុំស្ដីពីការណែនាំបច្ចេកទេសដល់គណៈមេប្រយោគ ប្រធានមណ្ឌល និងគណៈកម្មការនានា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ លោក ហង់ជួន ណារ៉ុន កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់បុគ្គលិកអប់រំ និងអង្គភាពប្រឆាំងអំពើពុករលួយគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានសហការគ្នាយ៉ាងសកម្មជំរុញនូវការធ្វើកំណែទម្រង់ការប្រឡង ក្នុងរយៈពេល១២ឆ្នាំកន្លងមកនេះ ឱ្យសម្រេចបានវឌ្ឍនភាពជាច្រើនគួរជាទីមោទនៈ។ 

លោកបន្តថា សមិទ្ធផលធំៗទាំងនោះរួមមាន ៖ ការលុបបំបាត់វប្បធម៌អវិជ្ជមានក្នុងការប្រឡង , ការលើកកម្ពស់កិត្តិយសមន្ត្រីអប់រំ និងវិជ្ជាជីវៈរបស់គ្រូបង្រៀន , ការផ្លាស់ប្ដូរឥរិយាបថសិស្សឱ្យយកចិត្តទុកដាក់ខិតខំរៀនសូត្រ និងប្រឡងជាប់ដោយសមត្ថភាពពិតប្រាកដ ដែលនេះជាមូលដ្ឋានគ្រឹះដ៏សំខាន់នៃការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។

ជាថ្មីម្ដងទៀត ឧបនាយករដ្ឋមន្ត្រី បានក្រើនរំលឹកនូវចំណុចសំខាន់ ៗមួយចំនួនពាក់ព័ន្ធនឹងការប្រឡង រួមមាន ៖ ត្រូវរក្សាឱ្យបាននូវវិន័យតឹងរ៉ឹងនៅតាមមណ្ឌលប្រឡង ជាពិសេសចំពោះការប្រើប្រាស់ទូរស័ព្ទដៃ ដោយក្រសួងនឹងអនុវត្តតាមផ្លូវច្បាប់ចំពោះរាល់ការបែកធ្លាយប្រធានវិញ្ញាសាប្រឡង , ធានាឱ្យបានសុវត្ថិភាពក្នុងការអនុវត្តការងារ និងការធ្វើដំណើរ ហើយគោរពពេលវេលា ដាច់ខាតកុំឱ្យយឺតយ៉ាវ , គ្រប់គ្រងបច្ចេកទេសឱ្យបានម៉ឺងម៉ាត់ , បន្តកិច្ចសហការល្អរវាងគ្នា និងចូលរួមជួយគ្នាសម្រេចគោលដៅរួមឱ្យមានប្រសិទ្ធភាព , ត្រូវរៀបចំតាមមណ្ឌលឱ្យមានរបៀបរៀបរយ  , ត្រូវធានាឱ្យបានការប្រឡងដែលមានស្ដង់ដារួម ប្រកបដោយតម្លាភាព យុត្តិធម៌ សុក្រឹតភាព ឆ្លើយតបនឹងការខិតខំប្រឹងប្រែងរៀនសូត្រពិតប្រាកដរបស់សិស្សានុសិស្ស និងការគាំទ្រពីសំណាក់មាតាបិតា អាណាព្យាបាល សហគមន៍ និងរាជរដ្ឋាភិបាល។

បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់ក្រុមការងារទទួលបន្ទុកការប្រឡងឆ្នាំនេះឱ្យបន្តខិតខំបំពេញភារកិច្ចរៀងៗខ្លួនប្រកបដោយវិជ្ជាជីវៈ និងប្រសិទ្ធភាព ដើម្បីជំរុញឱ្យដំណើរការនៃការប្រឡងប្រព្រឹត្តទៅប្រកបដោយភាពរលូនជោគជ័យ៕

To Top