ថ្នាក់ដឹកនាំកម្ពុជា កំពុងប្រឹងប្រែងយ៉ាងខ្លាំង និងសកម្មការពារទឹកដី
ភ្នំពេញ ៖លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានលើកឡើងថា រាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំកម្ពុជាបាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងនិងសកម្មក្លៀវក្លា ដើម្បីការពារបូរណភាពទឹកដី ទាំងព្រំដែនគោក ទាំងព្រំដែនសមុទ្រ និងការពារសិទ្ធិពលរដ្ឋភៀសសឹក តាមមធ្យោបាយការទូតដោយសន្តិវិធី និងដោយផ្អែកលើច្បាប់អន្តរជាតិ។
ក្នុងសេចក្តីថ្លែងការណ៍ ស្តីពី ស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ អ្នកនាំពាក្យរាជរដ្ឋាភិបាល រម្លឹកឡើងវិញពីសកម្មភាព និងជំហររបស់រាជរដ្ឋាភិបាលលើកិច្ចការងារព្រំដែនទាំងគោក និងដែនសមុទ្រថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ បានប្រកាសពីការចាប់ផ្តើមប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីដោះស្រាយការទាមទារដែនសមុទ្រត្រួតស៊ីគ្នាជាមួយប្រទេសថៃ។
លោកបន្តថា ការសម្រេចចិត្តបែបនេះ ដោយសារតែអស់រយៈពេលជាង២៥ឆ្នាំមកហើយ ដែលកម្ពុជានិងថៃមានក្របខណ្ឌទ្វេភាគីដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធីលើការទាមទារដែនសមុទ្រត្រួតស៊ីគ្នា នោះគឺអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ ឬហៅកាត់ថា MoU 2001 ដែលឆ្លុះបញ្ចំាងពីការយល់ឃើញរួមគ្នាថា ប្រទេសទាំងពីរគួរតែធ្វើការរួមគ្នាដើម្បីដោះស្រាយព្រំដែនសមុទ្រនិងអភិវឌ្ឍធនធាននៅក្នុងតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នាដោយសន្តិវិធី និងដើម្បីផលប្រយោជន៍ទៅវិញទៅមក។ ប៉ុន្តែគួរឱ្យសោកស្តាយ ភាគីថៃបានសម្រេចចិត្តដើរចេញពីក្របខណ្ឌទ្វេភាគីនេះជាឯកតោភាគីបើទោះបីជាកម្ពុជាបានស្នើដោយទទូចឱ្យភាគីថៃពិចារណាឡើងវិញយ៉ាងណាក៏ដោយ។
សម្រាប់ព្រំដែនគោកវិញអ្នកនាំពាក្យបញ្ជាក់ថា ក្នុងនាមប្រទេសស្រឡាញ់សន្តិភាព កម្ពុជាគោរពនិងអនុវត្តយ៉ាងម៉ឺងម៉ាត់និងស្មោះត្រង់បំផុតនូវបទឈប់បាញ់ និងស្មារតីក៏ដូចជាខ្លឹមសារទាំងស្រុងនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ជាពិសេសចំណុចទី៣ ដែលភាគីទាំងពីរបានឯកភាពគ្នាប្រគល់ភារកិច្ចឱ្យគណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែនគោក (JBC) ចុះវាស់វែងកំណត់ខណ្ឌសីមាប្រទេសទាំងពីរជាបន្ទាន់ ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ ដោយអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិ។
លោកប៉ែន បូណាបញ្ជាក់ទៀតថា កម្ពុជាបានប្រកាន់យកដំណោះស្រាយដោយសន្តិវិធីតាមរយៈការចរចាការទូតពីព្រោះជម្លោះប្រដាប់អាវុធមិនអាចដោះស្រាយបញ្ហាព្រំដែនបានឡើយ។ គឺក្នុងន័យនេះហើយដែលកម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ(Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក៕









