មន្រ្តីជំនាញ ចុះស្រាវជ្រាវករណីទឹកសមុទ្រឡើងពណ៌ខ្មៅ នៅតំបន់ទំនប់រលក និងស្ពានឆ្នេរព្រែកត្រែង ក្នុងក្រុងព្រះសីហនុ
ព្រះសីហនុ ៖ មន្រ្តីជំនាញនៃមន្ទីរបរិស្ថានខេត្តព្រះសីហនុ សហការជាមួយអាជ្ញាធរសង្កាត់លេខ១ និងលោកមេភូមិ៣ (ទំនប់រលក) នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ បានធ្វើការចុះពិនិត្យ ករណីទឹកសមុទ្រឡើងពណ៌ខ្មៅ នៅតំបន់ទំនប់រលក និងស្ពានឆ្នេរព្រែកត្រែង ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្រុមការងារបានពិនិត្យឃើមុខសញ្ញាទីតាំងប្រភពបំពុល ចំនួន០២ទីតាំង ដែលសង្ស័យថាបានបង្កឱ្យមានទឹកកពណ៌ខ្មៅ ហូរចូលអូរធម្មជាតិ និងបន្តហូរធ្លាក់ចូលសមុទ្រ ក្នុងនោះមាន៖ ក្រុមហ៊ុន HUN KIM HONG 86 Logistics CO., LTD (ទិញឈើអាកាស្យា) និងក្រុមហ៊ុន TNT VN(ទិញឈើអាកាស្យា) ដែលជាប្រភេទរោងចក្រកិនកំទេចឈើអាកាស្យា ដើម្បីនាំចេញសម្រាប់កែច្នៃជាក្រដាស់កាតុង និងក្រដាស់អនាម័យ មានទីតាំងស្ថិតនៅក្រុម២ ភូមិ ៣ (ទំនប់រលក) សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្រុមការងារបានពិនិត្យឃើញថា ក្រុមហ៊ុនពុំបានបង្ហូរទឹកកខ្វក់របស់ខ្លួន ចូលសមុទ្រ ដោយផ្ទាល់នោះទេ ប៉ុន្តែក្រុមហ៊ុនបានទុកដាក់សំណល់មិនត្រឹមត្រូវ ដោយឈើអាកាស្យាដែលបានកិនឱ្យទៅជាកំទេចឈើម៉ត់ៗ គរនៅលើបរិវេណដីរបស់ក្រុមហ៊ុន និងគ្មានដំបូលគ្រប បណ្តាលឱ្យត្រូវទឹកភ្លៀង ជ្រាបចូលប្រភពទឹកសាធារណៈ(អូរធម្មជាតិ) នៅពេលមានភ្លៀងធ្លាក់ខ្លាំង។

ក្រុមការងារ បានចាត់វិធានការ ឱ្យក្រុមហ៊ុនបឈ្ឈប់កុំឱ្យទឹកពណ៌ខ្មៅ បន្តហូរចេញពីក្រុមហ៊ុន ចូលប្រភពទឹកសាធារណៈបន្តទៀត។ ក្រុមហ៊ុនត្រូវធ្វើការកែលម្អបរិស្ថាន រៀបចំអាងចម្រោះទឹកកខ្វក់ឱ្យបានត្រឹមត្រូវ និងធ្វើការទុកដាក់សំណល់កំទេចឈើអាកាស្យា ឱ្យនត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងស្របតាមច្បាប់ពាក់ព័ន្ធនឹងវិស័យបរិស្ថានជាធរមាន។
សូមបញ្ចាក់ថា ក្រោយពីបានចុះពិនិត្យផ្ទាល់ ក្រុមការងារសម្រេចយកសំណាកទឹកចំនួន ០២ សំណាក និងបានបញ្ជូនមកវិភាគនៅមន្ទីរពិសោធន៍ ក្រសួងបរិស្ថាន៕









