ព័ត៌មានជាតិ

សម្តេចធិបតី៖ ទោះអត់មាន CLV-DTA តែការអភិវឌ្ឍតាមព្រំដែននៅតែបន្ត

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជារំលឹកឡើងវិញថា ទោះបីជាពុំមានកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ប៉ុន្តែការអភិវឌ្ឍនៅតាមព្រំដែនជាពិសេស តំបន់ឦសាន្តនៅតែបន្តអភិវឌ្ឍន៍ដដែល ។
 
ថ្លែងចេញពីវេទិកាសម្ពោធដាក់ឱ្យ ប្រើប្រាស់ជាផ្លូវការសមិទ្ធផលនានា នៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កាលពីប្រមាណជា២ឆ្នាំមុន មានបុគ្គលជ្រុលនិយមបានលើកឡើងក្នុងចេតនាបំផុសឱ្យប្រជាពលរដ្ឋមានកំហឹងថា រាជរដ្ឋាភិបាលបានយកទឹកដី ៤ខេត្តរបស់កម្ពុជាមានខេត្តរតនគិរី , ខេត្តមណ្ឌលគិរី , ខេត្តក្រចេះ និងខេត្តស្ទឹងត្រែងទៅឱ្យប្រទេសក្បែរខាងក្នុងហេតុផលដាក់បញ្ចូល ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការ CLV-DTA ។ ប៉ុន្តែសម្តេចធិបតីឆ្លើយតបថា អ្វីដែលលើកឡើងនេះមិនពិតទាល់តែសោះ ព្រោះកិច្ចសហប្រតិបត្តិការនេះ មានតាំងពីឆ្នាំ១៩៩៩មកម្ល៉េះដែលបង្កើតឡើងក្នុងគោលបំណងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសន្តិសុខតាមព្រំដែនរវាងប្រទេសកម្ពុជា ឡាវ និងវៀតណាម ។
 
សម្តេចធិបតីបន្តថា ប៉ុន្តែបែរជាក្រុមជ្រុលនិយមបានញុះញង់ខុសពីការពិតទៅវិញ ហើយដើម្បីកុំឱ្យប្រជាពលរដ្ឋមានក្តីកង្វល់នោះ រាជរដ្ឋាភិបាលនិងសម្តេចតេជោ ហ៊ុន សែនដែលជាស្ថាបនិកផ្តួចផ្តើមតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាមក៏បានប្រកាសដកខ្លួនចេញពីកាលពីអំឡុងឆ្នាំ២០២៤ ។
 
សម្តេចធិបតីបញ្ជាក់ថា “អីចឹងអ្វីដែលសំខាន់គឺការអភិវឌ្ឍរបស់យើង ទោះមានឬមិនមានCLV-DTA ឬក្របខណ្ឌសហប្រតិបត្តិការ ប៉ុន្តែយើងមាន មិនមែនបាត់អធិបតេយ្យភាពទេ ប៉ុន្តែខ្ញុំនិយាយថា ទោះមានមិនមានការអភិវឌ្ឍតំបន់ឦសាននេះ ក៏ស្ថិតនៅក្នុងគោលការណ៍អាទិភាពរបស់រាជរដ្ឋាភិបាល”។
 
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដកខ្លួនជាផ្លូវការ ចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤។ ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមានការវាយតម្លៃយ៉ាងល្អិតល្អន់ និងដើម្បីឆ្លើយតបទៅនឹងកង្វល់របស់ប្រជាពលរដ្ឋ ក៏ដូចជាការបង្ការកុំឱ្យក្រុមប្រឆាំងប្រើប្រាស់ បញ្ហានេះជាឧបករណ៍នយោបាយញុះញង់ បំបែកបំបាក់សាមគ្គីភាពជាតិ។

ទោះបីជាដកខ្លួនចេញពីក្របខណ្ឌ CLV-DTA ក៏ដោយ ក៏កម្ពុជានៅតែបន្តរក្សាកិច្ចសហប្រតិបត្តិការទ្វេភាគី ជាធម្មតាជាមួយប្រទេសជិតខាងទាំងឡាវ និងវៀតណាម តាមរយៈអាស៊ាន (ASEAN) កិច្ចសហប្រតិបត្តិការតំបន់មេគង្គ និងក្របខណ្ឌអន្តរជាតិនានា ដើម្បីរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសេដ្ឋកិច្ច។
 
កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ត្រូវបានផ្តួចផ្តើមបង្កើតឡើងដំបូងនៅក្នុងឆ្នាំ ១៩៩៩ ដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា៕

To Top