Feature

គណៈប្រតិភូក្រុមប្រឹក្សាធម្មនុញ្ញ បើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីសមិទ្ធផលធម្មនុញ្ញដែលសម្រេចបានក្នុងរយៈពេល ៣០ ឆ្នាំ នៅខេត្តកំពង់ចាម

កំពង់ចាម ៖ គណៈប្រតិភូក្រុមប្រឹក្សាធម្មនុញ្ញ នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «សមិទ្ធផលធម្មនុញ្ញដែលសម្រេចបានក្នុងរយៈពេល ៣០ ឆ្នាំ» នៅសាលាខេត្តកំពង់ចាម។

សិក្ខាសាលានេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព លោក កែវ ពុទ្ធរស្មី សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំខេត្តកំពង់ចាម តំណាងអង្គភាពកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរក្រុង-ស្រុក មេឃុំ និងចៅសង្កាត់ ព្រមទាំងមន្ត្រីពាក់ព័ន្ធ សរុបចំនួន ១០៩នាក់។

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងបង្កើនការយល់ដឹងអំពីតួនាទី ភារកិច្ច និងសារៈសំខាន់របស់ក្រុមប្រឹក្សាធម្មនុញ្ញ ព្រមទាំងបង្ហាញពីសមិទ្ធផល និងការរីកចម្រើននានាដែលស្ថាប័នធម្មនុញ្ញសម្រេចបានក្នុងរយៈពេល ៣០ ឆ្នាំកន្លងមក។

តាមរយៈសិក្ខាសាលានេះ អ្នកចូលរួមក៏មានឱកាសស្វែងយល់បន្ថែមអំពីគោលការណ៍ និងបទប្បញ្ញត្តិដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ព្រមទាំងតួនាទីរបស់ស្ថាប័នពាក់ព័ន្ធក្នុងការការពាររដ្ឋធម្មនុញ្ញ និងនីតិរដ្ឋ។

ក្នុងឱកាសនោះ គណៈប្រតិភូក្រុមប្រឹក្សាធម្មនុញ្ញ ក៏បានធ្វើបទបង្ហាញ និងចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងសមិទ្ធផលដែលសម្រេចបានក្នុងរយៈពេល ៣០ ឆ្នាំ ដើម្បីជំរុញការយល់ដឹងកាន់តែទូលំទូលាយដល់មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន និងអ្នកចូលរួមទាំងអស់ អំពីសារៈសំខាន់នៃរដ្ឋធម្មនុញ្ញក្នុងការធានានូវការគោរពច្បាប់ និងការអនុវត្តគោលការណ៍នៃនីតិរដ្ឋ។

សិក្ខាសាលានេះ ក៏ជាផ្នែកមួយនៃការផ្សព្វផ្សាយចំណេះដឹងផ្នែករដ្ឋធម្មនុញ្ញទៅកាន់មូលដ្ឋាន ដើម្បីឱ្យមន្ត្រី និងអាជ្ញាធរមូលដ្ឋានកាន់តែយល់ដឹង និងអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនប្រកបដោយការគោរពរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន។

អត្ថបទដោយ: គីហ្សូណា / ដើមអម្ពិល/ កំពង់ចាម|រូបភាពដោយ: គីហ្សូណា

To Top