សម្តេចតេជោ ៖ អតីតនាយករដ្ឋមន្ត្រី នៃក្រុមប្រឹក្សារដ្ឋចិន រួមចំណែកយ៉ាងសំខាន់ លើកកម្ពស់ ចំណងមិត្តភាពដែកថែប
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា មានប្រសាសន៍ថា លោក Zhu Rongji អតីតនាយករដ្ឋមន្ត្រី នៃក្រុមប្រឹក្សារដ្ឋ នៃសាធារណរដ្ឋប្រជាមានិតចិន បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ ចំណងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការ ផ្តល់ផលប្រយោជន៍ទៅវិញ ទៅមករវាងប្រជាជាតិទាំងពីរ ។
ក្នុងសាររំលែកទុក្ខផ្ញើជូនលោក ស៊ី ជីនពីង ប្រធានាធិបតីចិន ចំពោះមរណភាពលោក Zhu Rongji ក្នុងជន្មាយុ៩៨ឆ្នាំ សម្តេចតេជោមានប្រសាសន៍ថា លោក Zhu Rongji គឺជាថ្នាក់ដឹកនាំដ៏ឆ្នើមមួយ រូបរបស់បក្ស និងរដ្ឋ ហើយក៏ជារដ្ឋបុរស ដ៏វិសេសវិសាល។ ការរួមចំណែកជាប្រវត្តិសាស្ត្ររបស់លោកក្នុងការកែទម្រង់ សេដ្ឋកិច្ចរបស់ប្រទេសចិន និងការធ្វើសមាហរណកម្ម ទៅក្នុងប្រព័ន្ធពាណិជ្ជកម្មពិភពលោក បានបន្សល់ទុកនូវកេរដំណែលដែលមិនអាចបំភ្លេចបាន។
សម្តេចតេជោមានប្រសាសន៍បន្ថែមថា សម្រាប់កម្ពុជា លោក Zhu Rongji គឺជាមិត្តដ៏គួរឱ្យទុកចិត្ត និងយូរអង្វែង ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ចំណងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការផ្តល់ ផលប្រយោជន៍ទៅវិញ ទៅមករវាងប្រជាជាតិទាំងពីរ ។ សម្តេចប្រធានមានប្រសាសន៍ទៀតថា សម្រាប់ប្រជាជាតិកម្ពុជា នៅតែចងចាំយ៉ាងច្បាស់ និងដោយក្តីនឹករលឹក ចំពោះទស្សនកិច្ចផ្លូវការទ្វេភាគី និងការចូលរួមរបស់ឯកឧត្តម នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានបូកនានា (ASEAN+) និងកិច្ចប្រជុំកំពូលនៃមហាអនុតំបន់មេគង្គ (GMS) នៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០០២ ដែលកម្ពុជាបាន ធ្វើជាម្ចាស់ផ្ទះដោយមោទនភាពជាលើកដំបូងបង្អស់នៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។
សម្តេចតេជោហ៊ុន សែន មានប្រសាសន៍សង្កត់ធ្ងន់ថា មរណភាពរបស់លោក Zhu Rongji គឺជាការបាត់បង់ដ៏ធំធេង មិនត្រឹមតែសម្រាប់បក្ស រដ្ឋ និង ប្រជាជនចិនប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ប្រជាជនកម្ពុជាផងដែរ ដែលបានបាត់បង់មិត្តដ៏អស្ចារ្យមួយរូប។ កេរដំណែលនៃការដឹកនាំ និងការលះបង់របស់លោក ចំពោះជាតិចិន និងចំពោះទំនាក់ទំនងទ្វេភាគីរវាង ចិន និងកម្ពុជា នឹងត្រូវចងចាំទុកជានិច្ចនិរន្តរ៍៕

