Feature

លោក ហង់ជួន ណារ៉ុន ណែនាំបច្ចេកទេស កំណែដល់ប្រធាន អនុប្រធានមណ្ឌល លើសន្លឹកកិច្ចការបេក្ខជន

ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន បានណែនាំបច្ចេកទេស កំណែដល់ប្រធាន អនុប្រធានមណ្ឌលកំណែ លើសន្លឹកកិច្ចការ របស់បេក្ខជនប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ឆ្នាំ២០២៦។

ក្នុងកិច្ចប្រជុំ ស្តីពី ការណែនាំបច្ចេកទេសកំណែ និងបែងចែកភារកិច្ចដំណើរការកំណែ ដល់ប្រធាន អនុប្រធានមណ្ឌលកំណែ នារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ លោក ហង់ជួន ណារ៉ុន បានលើកឡើងថា ក្រសួងបានរៀបចំមណ្ឌល កំណែចំនួន១០មណ្ឌល នៅរាជធានីភ្នំពេញ ។ ដើម្បីធានាដំណើរការកំណែ ប្រព្រឹត្តទៅដោយរលូន និងមានសុក្រឹតភាព ក្រសួងបានពិនិត្យ និងបំពេញបន្ថែមនូវយន្តការ ការងារមួយចំនួន របស់គណៈកម្មការក្រុមមុខវិជ្ជា ដោយផ្តោតលើការ ពិនិត្យកិច្ចការដំបូង , ការពិនិត្យនិងផ្ទៀងផ្ទាត់សន្លឹកកិច្ចការបេក្ខជនលើកទី២ , ការកាត់ក្បាលសន្លឹកកិច្ចការបេក្ខជន , ការរៀបចំនិងការចុះអក្សរសម្ងាត់ , ការចុះអក្សរសម្ងាត់និងលេខរៀងបន្ត , ការបញ្ចេញដុំកិច្ចការ , ការពង្រឹងយន្តការងាររបស់ក្រុមនីមួយៗ និងជំហាននៃការអនុវត្តការងារផងដែរ។

រដ្ឋមន្រ្តីបន្ថែមថា ក្រសួងបានរៀបចំបំប៉ន សមត្ថភាព ប្រធាន អនុប្រធានគណៈកម្មការ ក្រុមមុខវិជ្ជា ដោយផ្តោតលើការបង្វឹក ជាក់ស្តែងដោយប្រធានមណ្ឌលកំណែ ដើម្បីជំរុញការយល់ដឹងលើយន្តការការងារ និងជំហានអនុវត្តការងាររបស់គណៈកម្មការក្រុមមុខវិជ្ជា ។ រីឯគណៈកម្មការកំណែ ពិសេសអ្នកកែ ត្រូវគោរពឱ្យបាន នូវគោលការណ៍ ដែលបានកំណត់នៅគ្រប់ដំណាក់កាលការងារ រួមមាន ៖ ការកំណត់ល្បឿន នៃការកែកិច្ចការបេក្ខជន , ការកំណត់ចំនួនដុំកិច្ចការដែលត្រូវកែ , ការប្រជុំណែនាំអំពី អត្រាកំណែនិងរបៀបកែ , ការកែដោយអ្នកកែពីរនាក់ និងការពង្រឹងយន្តការក្នុងការតាមដាន , ការពង្រឹងយ៉ាងម៉ឺងម៉ាត់ ការអនុវត្តនូវបទប្បញ្ញត្តិ និងកម្រិតវិន័យ ចំពោះអ្នកកែជាដើម។

ផ្អែកលើបទពិសោធកន្លងមក ដើម្បីបង្ការកំហុសឆ្គង ការធ្វេសប្រហែស ឬបាតុភាពនានា ក្នុងដំណាក់កាលកំណែ រដ្ឋមន្រ្តីបានក្រើនរំលឹកថា ត្រូវពង្រឹងតួនាទីរបស់គ្រូកំណែទី២ ក្នុងការផ្ទៀងផ្ទាត់ការកែរបស់គ្រូកំណែទី១ ឡើងវិញឱ្យបានម៉ត់ចត់។ ប្រសិនបើរកឃើញថា មានករណីធ្វេសប្រហែស នឹងមិនអនុញ្ញាត ឱ្យចូលរួមក្នុងដំណើរការកែទៀតទេ ។

លោក ហង់ជួន ណារ៉ុនបញ្ជាក់ថា ហាមដាច់ខាតយកទូរស័ព្ទ ចូលបន្ទប់កំណែ និងហាមយកអត្រាកំណែចេញ ពីមណ្ឌលប្រឡង។ បើមានបញ្ហាសុខភាព គ្រូកំណែធ្វើស្វ័យប្រកាស និងត្រូវអនុញ្ញាតឱ្យសុំច្បាប់ ។ អំឡុងពេលកំណែ អាចនឹងមានភ្លៀង ។ ដូច្នេះ តាមមណ្ឌលកំណែ ត្រៀមខ្លួនឱ្យបានរួចរាល់នូវសម្ភារៈនិងថង់ផ្លាស្ទីក សម្រាប់ទុកដាក់សន្លឹកកិច្ចការ ឱ្យបានត្រឹមត្រូវ និងសុវត្ថិភាព គួរការពារនិងបង្ការបញ្ហាជាមុន ក្នុងករណីមានទឹកលិចមណ្ឌលកំណែ៕

To Top