រដ្ឋបាលរាជធានីភ្នំពេញ គាំទ្រជានិច្ច ចំពោះការវិនិយោគរបស់ក្រុមហ៊ុន GAZ Group នៅកម្ពុជា
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ គាំទ្រជានិច្ចចំពោះការវិនិយោគរបស់ក្រុមហ៊ុន GAZ Group នៅប្រទេសកម្ពុជា ពិសេសនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បន្ទាប់ក្រុមហ៊ុន GAZ Group ដែលជាក្រុមហ៊ុនផលិតរថយន្តដឹកទំនិញ របស់ប្រទេសរុស្ស៊ី មានបំណងវិនិយោគ នៅរាជធានីភ្នំពេញ ។

ក្រុមហ៊ុន GAZ Group ជាក្រុមហ៊ុនពាណិជ្ជកម្មរុស្ស៊ីដ៏ធំមួយ ខាងផលិតរថយន្តដឹកទំនិញ នៅក្នុងប្រទេសរុស្ស៊ី និងមានសាខានៅបណ្តាលប្រទេសមួយចំនួន ខណៈដែលបច្ចុប្បន្ន ក្រុមហ៊ុនមួយនេះ បាននិងកំពុងដំណើរការយ៉ាងសកម្ម ក្នុងការផលិតរថយន្តនិងគ្រឿងបន្លាស នៅប្រទេសវៀតណាម ។

លោក អ៊ីមរ៉ន ហាស្សាន់ អភិបាលរងរាជធានី តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦នេះ បានជួបពិភាក្សាការងារ ជាមួយក្រុមហ៊ុនពាណិជ្ជកម្មរុស្ស៊ី ដឹកនាំដោយលោក ដុលហ្គូវ ឡេអូនីត (Mr. Dolgov Leonid) នាយកគ្រប់គ្រង GAZ Group នៅសាលារាជធានីភ្នំពេញ។

ក្នុងកិច្ចប្រជុំពិភាក្សានេះលោក ដុលហ្គូវ ឡេអូនីត (Mr. Dolgov Leonid) បានធ្វើបទបង្ហាញពី គុណភាពនិងសមត្ថភាពរថយន្ត ដឹកទំនិញជាច្រើនប្រភេទរបស់ GAZ Group ដោយបានលើកឡើងថា នេះជាលើទី២ហើយ ដែលបានមកកម្ពុជា លោកនឹងធ្វើបទបង្ហាញម្តងទៀត ពីក្រុមហ៊ុន GAZ Group។ ផលិតផល GAZ បានធ្វើ៩១ឆ្នាំហើយ មាន១៥រោងចក្រ។ ចុងក្រោយ ក្រុមហ៊ុននេះ បានបង្កើតរោងចក្រផលិតនៅប្រទេសវៀតណាម ដែលជាបច្ចេកទេសរុស្ស៊ីទាំងអស់ មានទាំងប្រភេទរថយន្តដឹកទំនិញ រថយន្តក្រុង ឡានទឹក រថយន្តសង្គ្រោះបន្ទាន់ជាដើម ដោយប្រើប្រាស់សាំង ម៉ាស៊ូត ហ្គាសនិងអគ្គិសនី។

លោកនាយកក្រុមហ៊ុន បានគូសបញ្ជាក់ថា ក្រោយការសិក្សា នៅប្រទេសកម្ពុជា មានតម្រូវការច្រើន ជាមួយក្រុមហ៊ុន GAZ Group ដូច្នេះក្រុមហ៊ុនមានបំណងចង់វិនិយោគ នៅកម្ពុជាបន្តទៀត។ កិច្ចការងារនេះ ក្រុមហ៊ុន GAZ Group បានជួបពិភាក្សាការងារជាមួយ សម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី ម្តងរួចហើយ ក្នុងអំឡុងពេលសម្តេច ទៅបំពេញទស្សនកិច្ចនៅរុស្ស៊ី។ ក្រុមហ៊ុនចង់ឱ្យរដ្ឋបាលរាជធានីភ្នំពេញ សម្របសម្រួលជួយរកទីតាំង ដើម្បីឱ្យក្រុមហ៊ុន បានដំណើរការនៅពេលឆាប់ៗនេះ នៅប្រទេសកម្ពុជា ដោយគ្រោងផលិតរថយន្ត និងគ្រឿងបន្លាស់។
ជាមួយគ្នានេះ បន្ទាប់ពីការពិភាក្សាគ្នារួច ក្រុមហ៊ុន GAZ Group បានអញ្ជើញលោកអភិបាលរង និងក្រុមការងារពិនិត្យគម្រូរថយន្តចំនួន ២គ្រឿង ដើម្បីធ្វើការជ្រើសរើសយក១ ព្រោះក្រុមហ៊ុននឹងផ្តល់ជាអំណោយ ដល់រដ្ឋបាលរាជធានីភ្នំពេញចំនួន ១គ្រឿង។ បន្ទាប់មក ក្រុមហ៊ុននឹងបញ្ជូនរថយន្តនោះពីរោងចក្រ មកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញតែម្តង ដោយក្រុមហ៊ុនបានស្នើសុំ ឱ្យរដ្ឋបាលរាជធានីភ្នំពេញ ជាអ្នកសម្របសម្រួលលើបែបបទនាំចូល។
ជាការឆ្លើយតប លោក អ៊ីមរ៉ន ហាស្សាន់ បានលើកឡើងថា ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ គាំទ្រជានិច្ចចំពោះការវិនិយោគរបស់ក្រុមហ៊ុន GAZ Group នៅប្រទេសកម្ពុជា ពិសេសនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ហើយក៏បានសន្យា នឹងជួយសម្របសម្រួលផ្លូវច្បាប់ឱ្យក្រុមហ៊ុនផងដែរ៕
