Feature

លោកបណ្ឌិត កៅ ថាច ប្រាប់គន្លឹះសំខាន់ៗដល់កសិករនៅស្រុករវៀង អំពីប្រសិទ្ធភាពនៃការធ្វើស្រែ ដើម្បីបង្កើនប្រាក់ចំណូល

ព្រះវិហារ ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានប្រាប់ដល់កសិករ នៅស្រុករវៀង ខេត្តព្រះវិហារ ឲ្យពិចារណាឡើងវិញពីប្រសិទ្ធភាពនៃការធ្វើស្រែ ប្រសិនបើធ្វើស្រែជាបន្តបន្ទាប់ ហើយមិនទទួលបានផលចំណេញ គួរពិចារណាប្រែក្លាយដីទាំងនេះទៅដាំដំណាំផ្សេងទៀត ដែលមានទីផ្សារ សមស្របនឹងស្ថានភាពដី ដើម្បីបង្កើនប្រាក់ចំណូល។

ការរំលឹកដូច្នោះរបស់ លោកបណ្ឌិត កៅ ថាច ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខជាមួយនឹងប្រជាកសិករនៅស្រុករវៀង ខេត្តព្រះវិហារ នៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ដែលមានការចូលរួមពី លោក អ៊ុក គឹមសាន្ត អភិបាលរងខេត្តព្រះវិហារ ជាតំណាងលោក គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ លោក មឿង សាខឿន ប្រធានក្រុមប្រឹក្សាស្រុករវៀង លោក ហោ ប៊ុនហួរ អភិបាលស្រុករវៀង ព្រមទាំងមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន តំណាងសមាគមកសិករ និងប្រជាពលរដ្ឋ សរុបប្រមាណ ៣០០នាក់។

ក្នុងជំនួបនេះ លោកបណ្ឌិត កៅ ថាច បានមានប្រសាសន៍ថា ការធ្វើកសិកម្មត្រូវគិតគូរឱ្យបានច្បាស់អំពីថ្លៃដើមផលិត ទិន្នផល និងប្រាក់ចំណេញមិនគួរធ្វើតាមទម្លាប់នោះទេ។ ប្រសិនបើកសិករធ្វើស្រែរយៈពេល៣ឆ្នាំ ឬច្រើនឆ្នាំជាប់ៗគ្នា ប៉ុន្តែមិនបានផលចំណេញ ហើយបំណុលកាន់តែកើនឡើងនោះគួរតែពិចារណាឡើងវិញថា តើគួរបន្តធ្វើដដែលទៀតឬយ៉ាងណា។

លើសពីនេះ លោកបណ្ឌិតប្រតិភូ បានបញ្ជាក់ថា ប្រសិនបើការធ្វើស្រែមិនអាចបង្កើតចំណូលបានទេ គួររកជម្រើសផ្សេងទៀតដែលអាចផ្តល់ផលប្រយោជន៍សេដ្ឋកិច្ចបានល្អជាង។ ដូច្នោះបើធ្វើបានផលចាំធ្វើ បើធ្វើមិនបានកុំធ្វើមានន័យថាកសិករត្រូវចេះវាយតម្លៃថ្លៃដើមផលិត និងលទ្ធផលជាក់ស្តែងមុននឹងសម្រេចបន្តការផលិតស្រូវបន្តទៀត។

ជាមួយគ្នានេះ លោកបណ្ឌិតប្រតិភូ បានលើកឡើងទៀតថា ប្រសិនបើការធ្វើស្រែខាតជាបន្តបន្ទាប់ កសិករអាចពិចារណាប្តូរទៅដាំដំណាំផ្សេងដែលមានទីផ្សារ និងសមស្របនឹងស្ថានភាពដី ដូចជា ដំណាំចម្ការ ដំណាំបន្លែ និងដំណាំដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់។ ការគ្រប់គ្រងថ្លៃដើមផលិតតាំងពីការជ្រើសរើសពូជ ការប្រើប្រាស់ជី ថ្នាំកសិកម្ម និងការថែទាំដំណាំ ការប្រើប្រាស់ធាតុចូលកសិកម្មឲ្យត្រូវតាមបច្ចេកទេស និងតាមតម្រូវការទីផ្សារ ដើម្បីកាត់បន្ថយការចំណាយនឹងបង្កើនទិន្នផល។

លោក បណ្ឌិតប្រតិភូបានជំរុញឱ្យកសិករផ្លាស់ប្តូរពីការធ្វើកសិកម្មត្រឹមតែសម្រាប់បរិភោគក្នុងគ្រួសារទៅជាការផលិតមួយប្រកបដោយចីរភាព ដោយត្រូវមានផែនការផលិតច្បាស់លាស់ និងចេះសិក្សាពីតម្រូវការរបស់ទីផ្សារជាមុនសិន។ ជាពិសេសនោះទៀតប្រជាកសិករនៅស្រុករវៀងគួរពិចារណាចូលរួមជាសមាជិកសមាគមបណ្តាញកសិករតេជោ ដើម្បីទទួលបានការគាំទ្រពាក់ព័ន្ធនឹងទុន ទីផ្សារ និងបច្ចេកទេសកសិកម្មផងដែរ៕

To Top