Feature

លោកឧត្តមសេនីយ៍ត្រី​ ម៉េង​ ស្រ៊ុន​ ដឹកនាំ​ប្រតិភូ​ អាវុធហត្ថខេត្តកំពង់ស្ពឺ​​​ កាគោរពវិញ្ញាណក្ខន្ធ លោក ហុក ម៉ារ៉ាឌី

កំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំ​ប្រតិភូ​ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ ចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនិងចូលរួមរំលែកយ៉ាងក្រៀមក្រំ​ ព្រមទាំងនាំយកថវិកាចូលបុណ្យគ្រួសារសព លោក ហុក ម៉ារ៉ាឌី នាយករងរដ្ឋបាលសាលាខេត្តកំពង់ស្ពឺ ត្រូវ​ជាកូនបង្កើតរបស់ លោក​ យឹម សុខុម ប្រធានក្រុមប្រឹក្សា​ខេត្ត​កំពង់ស្ពឺ​​ ដែលទទួលមរណភាពកាលពីថ្ងៃទី១២ សីហា ឆ្នាំ២០២៦ វេលាម៉ោង១:១៣នាទីរសៀល ក្នុងជន្មាយុ ៤៥ឆ្នាំ ដោយរោគាពាធ។ពិធីគោរពវិញ្ញាណក្ខន្ធនេះ បានប្រព្រឹត្តទៅនៅ​គេហដ្ឋាន​នៃសពស្ថិតនៅភូមិត្រពាំងលើក សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ក្នុងឱកាសដ៏សោកសៅ និងក្រៀមក្រំនេះ លោកឧត្តមសេនីយ៍ត្រី​ ម៉េង​ ស្រ៊ុន​ មេបញ្ជាការ​ ក៏បានសំណេះសំណាលចូលរួមរំលែកទុក្ខ ជូនដល់ក្រុមគ្រួសារនៃសព ចំពោះការបាត់បង់​ លោក ហុក ម៉ារ៉ាឌី​​ ដែល​ត្រូវ​ជាកូនបង្កើតរបស់ លោក​ យឹម សុខុម គឺជាការបាត់បង់នូវកូន ​ជា​ទីស្រឡាញ់​ និងញាតិមិត្តដ៏ឧត្ដុង្គឧត្តមប្រកបទៅដោយព្រហ្មវិហារធម៌និងការសណ្ដោសប្រណី គួរជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅរបស់កូនញាតិមិត្ត​​ ព្រមទាំងក្រុមគ្រួសារទាំងមូល។ចំពោះការលាចាកលោករបស់ លោក ហុក ម៉ារ៉ាឌី ដែលជាមន្ត្រីរាជការបំរើការងារយ៉ាងសកម្ម មានសមត្ថភាព និងបានលះបង់កម្លាំងកាយចិត្តក្នុងការរួមចំណែកអភិវឌ្ឍន៍រដ្ឋបាលខេត្តនាពេលកន្លងមក។

ជាចុងក្រោយស្ថិតក្នុងសមានទុក្ខ វិយោគសោកស្តាយ ស្រណោះអាឡោះអាល័យជាពន់ពេក​ លោកឧត្តមសេនីយ៍ត្រី​ ម៉េង​ ស្រ៊ុន​ រួមនឹងប្រតិភូកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ទាំងអស់ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោក ហុក ម៉ារ៉ាឌី​​​​ សូមបានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

To Top