ករណីក្មេងទំនើង ០៣នាក់ ត្រូវអាវុធហត្ថខេត្តកំពង់ស្ពឺ បង្រ្កាប និងឃាត់ខ្លួន ក្រោយពេលធ្វើសកម្មភាពបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈ
កំពង់ស្ពឺ៖ ដោយអនុវត្តតាមគោលការរបស់ថ្នាក់ដឹកនាំដឹកនាំ និងក្រោមការដឹកនាំបញ្ជាដោយផ្ទាល់យ៉ាងម៉ឺងម៉ាត់របស់លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កម្លាំងអង្គភាពនគរបាលយុត្តិធម៌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបង្ក្រាបករណី ក្មេងទំនើងចូលចិត្តបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈ មួយក្រុមមានគ្នាចំនួន ០៣នាក់ ដែលប្រព្រឹត្តទៅកាលពីវេលាម៉ោង ១៨:៤០នាទី ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ នៅត្រង់ចំណុចប្រឡាយទឹក ស្ថិតនៅភូមិកណ្ដោលដុំ សង្កាត់កណ្ដោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលបង្កឲ្យប្រជាពលរដ្ឋមានការភ័យខ្លាច ក្មេងទំនើងដែលជាជនសង្ស័យចំនួន០៣នាក់ដែលបានឃាត់ខ្លួនរួមមានទី០១មានឈ្មោះ ពឿន សុខកេង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ, ទី០២ឈ្មោះ វឺន សំបូរ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរនៅផ្ទះ ទី០៣ឈ្មោះ ស៊ឹម ណារ៉ូ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកម្មកររោងចក្រ ។

ព្រមទាំងនាមចាប់យកនូវវត្ថុតាងមួយចំនួនរួមមាន៖ ម៉ូតូ ចំនួន០១គ្រឿង (ម៉ាក HONDA DREAM ឆ្នាំ២០១៩ ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 1AB-9104),ទូរស័ព្ទ ចំនួន០២គ្រឿង (ម៉ាក IPHONE) ។

បច្ចុប្បន្នក្រុមក្មេងទំនើងទាំង ០៣នាក់ ខាងលើត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថ យកមកអប់រំណែនាំ និងធ្វើកិច្ចសន្យាចំពោះមុខ ឪពុក ម្តាយ និងអាណាព្យាបាល ដើម្បីបញ្ឈប់រាល់សកម្មភាពទំនើងទាំងនេះ ដែលនាំឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវ ព្រមទាំងធ្វើឲ្យប៉ះពាល់ដល់សណ្តាបធ្នាប់សាធារណៈ និងឈានទៅដល់ការបំផ្លាញទ្រព្យសម្បត្តិ ក៏ដូចជាកិត្តិយសគ្រួសារ ព្រមទាំងបង្ករការភ័យខ្លាចដល់អ្នកជុំវិញ ជាពិសេបង្កភាពអនាធិបតេយ្យក្នុងសង្គម ចំណែកម៉ូតូត្រូវបានកម្លាំងជំនាញដកហូតយកទៅរក្សាទុករយៈពេល០៣ខែ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ៕

