លោក វ៉ាង វិនពីន៖ ចិនមានបំណង ធ្វើការជាមួយភាគីកម្ពុជា ក្នុងការពង្រឹងការផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមក ដើម្បីរួមដៃគ្នា សម្រេចឱ្យបាននូវការស្ដារឡើងវិញ នៃប្រជាជាតិ
ភ្នំពេញ៖ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានលើកឡើងថា «ភាគីចិនមានបំណង ធ្វើការជាមួយភាគីកម្ពុជា ក្នុងការពង្រឹងការផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមក ដើម្បីរួមដៃគ្នា សម្រេចឱ្យបាននូវការស្ដារឡើងវិញ នៃប្រជាជាតិ»។ នេះបើយោងតាមសំណេររបស់លោកឯកអគ្គរដ្ឋទូត នៅលើបណ្ដាញសង្គមនាព្រលប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦នេះ។

តាមរយៈគណនីហ្វេសប៊ុកដដែលនេះ លោក វ៉ាង វិន វិនពីន បានឱ្យដឹងថា រូបលោកមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានចូលរួមជាមួយ លោក ឆែម គាតរិទ្ធី ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ក្នុងកម្មវិធីផ្លាស់ប្តូរ និងដកស្រង់បទពិសោធន៍ពីគ្នាទៅវិញទៅមក ស្តីពីអភិបាលកិច្ច ចិន-កម្ពុជា លើកទី២។
លោកបន្ថែមថា ក្នុងរយៈពេលជិត៣០ឆ្នាំកន្លងមកនេះ កម្ពុជារក្សាបាននូវសុខសន្តិភាព និងស្ថិរភាពជាទូទៅ ហើយកំណើនសេដ្ឋកិច្ច ស្ថិតក្នុងចំណោមប្រទេសឈានមុខគេនៅតំបន់អាស៊ាន ព្រមទាំងសម្រេចបាននូវសមិទ្ធផលប្រវត្តិសាស្ត្រ ក្នុងការស្វែងរកមាគ៌ាអភិវឌ្ឍន៍ ដែលស្របទៅតាមសភាពការណ៍ជាក់ស្តែងរបស់កម្ពុជា។
លោកថា ចិននិងកម្ពុជា សុទ្ធតែបានប្តេជ្ញាចិត្ត ក្នុងការដើរលើមាគ៌ាអភិវឌ្ឍន៍ដែលស្របទៅតាម សភាពការណ៍ជាក់ស្តែងនៃប្រទេសរៀងៗខ្លួន។ តាមរយៈការស្វែងរក និងការអនុវត្តជាក់ស្តែងជាច្រើនឆ្នាំមកនេះ ប្រទេសចិនបានដើរដោយជោគជ័យលើ មាគ៌ាទំនើបកម្មតាមបែបផែនចិន ព្រមទាំងបានផ្តល់នូវជម្រើសថ្មី សម្រាប់បណ្តាប្រទេសនានា ក្នុងការសម្រេចបាននូវទំនើបកម្ម។
