គម្រោងសាកល្បងញែកសំរាម និងសំណល់រឹង នៅតាមលំនៅឋាន ត្រូវបានអនុវត្តក្នុងក្រុងបាត់ដំបង
បាត់ដំបង ៖ គម្រោងសាកល្បងញែកសំរាម សំណល់រឹងនៅតាមលំនៅឋាន ជាមួយប្រជាពលរដ្ឋដែលរស់ក្នុងក្រុងបាត់ដំបង ត្រូវបានប្រកាសចាប់ផ្តើមនៅ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ នាសាលាក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្រោមអធិបតីភាព លោក សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក សុខ លូ អភិបាលខត្តបាត់ដំបង លោក Frank Jattke ប្រធានក្រុមការងារអាស៊ានទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (GIZ)។

លោក សុខ លូ សង្ឃឹមថា គម្រោងខាងលើនឹង មានការគ្រប់គ្រងបានត្រឹមត្រូវ នូវសំណល់ដែលយើងបោះចោលជារៀងរាល់ថ្ងៃ និងរួមចំណែកទប់ស្កាត់ការបំពុលបរិស្ថាន ប៉ះពាល់ដល់សុខភាពសាធារណៈ សោភ័ណភាពទីក្រុង។

លោក Frank Jattke ប្រធានក្រុមការងារអាស៊ានទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (GIZ) បានបញ្ជាក់ថា ដើម្បីដោះស្រាយបញ្ហាការកើនឡើងសំរាម នៅតាមទីប្រជុំជន ក្រសួងបរិស្ថាន និងទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (GIZ) កំពុងអនុវត្តគម្រោងគំនិតផ្តួចផ្តើមកំណើនបៃតងសម្រាប់សេដ្ឋកិច្ចចក្រាសម្រាប់ការគ្រប់គ្រងសំណល់ប្រកបដោយចីរភាព (GGI4CE) ដើម្បីដាក់បញ្ចូលនូវគោលការណ៍សេដ្ឋកិច្ចចក្រាទៅក្នុងប្រព័ន្ធគ្រប់គ្រងសំណល់ដែលមានស្រាប់ក្នុងប្រទេសកម្ពុជា។

ក្នុងឱកាសនេះ លោក សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ជាក់ថា ការចាប់ផ្តើមគម្រោងសាកល្បងនៅថ្ងៃនេះ មិនមែនគ្រាន់តែជាការដាក់ឱ្យអនុវត្តនូវវិធីសាស្ត្រថ្មីក្នុងការគ្រប់គ្រងសំរាម សំណល់រឹងប៉ុណ្ណោះទេ ប៉ុន្តែជាការចាប់ផ្តើមនៃ ការផ្លាស់ប្តូរទម្លាប់ និងឥរិយាបថរបស់ប្រជាពលរដ្ឋចំពោះសំណល់ ដោយចាប់ផ្តើមពីកន្លែងដែលយើងរស់នៅ និងពីគ្រួសាររបស់យើងផ្ទាល់។

ក្រសួងបរិស្ថាន បាននិងកំពុងផ្តោតសំខាន់លើ ការញែកសំរាម សំណល់រឹងនៅនឹងប្រភព ពោលគឺការញែកសំណល់ចាប់ពីកន្លែងដែលសំណល់ត្រូវបានបង្កើតឡើង ជាពិសេសនៅតាមលំនៅឋាន សាលារៀន ស្ថាប័ន និងទីតាំងអាជីវកម្មនានា។ ការញែកសំណល់នៅប្រភព នឹងជួយឱ្យយើងអាចកាត់បន្ថយបរិមាណសំណល់ដែលត្រូវយកទៅបោះចោល បង្កើនការកែច្នៃ និងប្រើប្រាស់ធនធានឡើងវិញ ព្រមទាំងកាត់បន្ថយការចំណាយក្នុងការប្រមូល និងដឹកជញ្ជូនសំណល់៕

