រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងអញ្ជើញជាអធិបតីក្នុងទិវាជាតិអន្តរសាសនាប្រឆាំងអំពើជួញដូរមនុស្ស លើកទី១០ ឆ្នាំ២០២៦
ភ្នំពេញ ៖ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) នឹងប្រារព្ធទិវាជាតិអន្តរសាសនាប្រឆាំងអំពើជួញដូរមនុស្ស លើកទី១០ ឆ្នាំ២០២៦ ក្រោមប្រធានបទ «គ្រប់សាសនានៅកម្ពុជា រួមគ្នាទប់ស្កាត់អំពើជួញដូរមនុស្ស និងឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា» នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦។
តាមរយៈសេចក្ដីជូនដំណឹងរបស់ គ.ជ.ប.ជ បានឱ្យដឹងថា ទិវាជាតិអន្តរសាសនានេះ នឹងប្រារព្ធឡើងក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រធាន គ.ជ.ប.ជ និងជាតំណាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា។
ដោយមានការយាង និមន្ត និងអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ នៃរាជរដ្ឋាភិបាល សមាជិកព្រឹទ្ធសភា រដ្ឋសភា មន្ត្រីរាជការ កងកម្លាំងប្រដាប់ អាវុធគ្រប់ប្រភទ អាជ្ញាធរថ្នាក់ក្រោមជាតិ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ស្ថានតំណាងប្រចាំនៅកម្ពុជា តំណាងអង្គការសហប្រជាជាតិ អង្គការដៃគូជាតិ អន្តរជាតិ អង្គការសង្គមស៊ីវិល តំណាងគ្រប់និកាយសាសនា សិស្ស និស្សិត បញ្ញាវ័ន្ត និងវិស័យ ឯកជន ប្រមាណ ២០០០ អង្គ/នាក់។
សូមបញ្ជាក់ថា គោលបំណងនៃការប្រារព្ធទិវាជាតិអន្តរសាសនាប្រឆាំងអំពើជួញដូរមនុស្សនេះ គឺដើម្បីលើកកម្ពស់ កិច្ចសហប្រតិបត្តិ ការរវាងសាសនា បង្រួបបង្រួម និងពង្រឹងកម្លាំងសាមគ្គីរវាងថ្នាក់ដឹកនាំ និងសាសនិកនៃគ្រប់សាសនានៅកម្ពុជា ឱ្យរួមគ្នា ក្លាយជាកម្លាំងចលករដ៏រឹងមាំក្នុងការងារសង្គម បញ្ជាបតម្លៃសីលធម៌ និងធម៌វិន័យ ជាការទូន្មានបែបសាសនា ដើម្បីដាស់តឿនស្មារតីសាធារណជនកុំឱ្យធ្លាក់ចូលក្នុងអន្ទាក់ជនល្មើសក្លាយជាជនរងគ្រោះ ឬជាអ្នកប្រព្រឹត្តិបទល្មើសបច្ចេកវិទ្យា និងអំពើជួញដូរមនុស្សដែលបាននិងកំពុងបំផ្លាញដល់សង្គមជាតិយ៉ាងធ្ងន់ធ្ងរ ដើម្បីប្រទេសកម្ពុជា ជាប្រទេសមួយដែល មានសុវត្ថិភាព និងភាពរីករាយ ទាំងប្រជាជនកម្ពុជា ទាំងជនបរទេស ដែលបានរស់នៅលើទឹកដីកម្ពុជា៕
