Feature

លោក ស៊ីន ចាន់សិរីវុត្ថា ៖  ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌាកំពុងពន្លឿន យុទ្ធសាស្ត្រស្នូល តភ្ជាប់ផ្លូវអាកាស

ភ្នំពេញ ៖  អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិលលោក ស៊ីន ចាន់សិរីវុត្ថាបានលើកឡើងថា ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌា (អ៊ែរ ខេមបូឌា / Air Cambodia -K6) កំពុងពន្លឿនយុទ្ធសាស្ត្រស្នូល ដើម្បីជំរុញអនាគតនៃការតភ្ជាប់ផ្លូវអាកាស ពាណិជ្ជកម្ម និងទេសចរណ៍កម្ពុជា ។

លោក ស៊ីន ចាន់សិរីវុត្ថា បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ថា ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ ខេមបូឌា កំពុងពន្លឿនការអនុវត្តយុទ្ធសាស្ត្រស្នូលពីរ គឺការធ្វើទំនើបកម្ម និងពិពិធកម្មកងយន្តហោះ និងការពង្រីកបណ្តាញហោះហើរ ដែលជាគំនិតផ្តួចផ្តើមជាយុទ្ធសាស្ត្រដ៏សំខាន់សំដៅលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពប្រតិបត្តិការ បង្កើនគុណភាពសេវាកម្ម និងបទពិសោធន៍ធ្វើដំណើររបស់អ្នកដំណើរ ព្រមទាំងពង្រឹងការតភ្ជាប់ផ្លូវអាកាសរបស់កម្ពុជា ទៅកាន់ទីផ្សារគោលដៅសំខាន់ៗទាំងក្នុងតំបន់ និងអន្តរជាតិឱ្យកាន់តែទូលំទូលាយ ងាយស្រួល រលូន និងមានប្រសិទ្ធភាព។
 
លោកថា ការវិវត្តជាយុទ្ធសាស្ត្រនេះ មិនត្រឹមតែរួមចំណែកពង្រឹងសមត្ថភាពប្រកួតប្រជែង និងគាំទ្រកំណើនរយៈពេលវែងរបស់ក្រុមហ៊ុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការសម្រេចអាទិភាពអភិវឌ្ឍន៍របស់ព្រះរាជាណាចក្រកម្ពុជា តាមរយៈការជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និង វិនិយោគ ការលើកកម្ពស់វិស័យទេសចរណ៍ និងការធ្វើសមាហរណកម្មកម្ពុជា ឱ្យកាន់តែស៊ីជម្រៅទៅក្នុងបណ្តាញសេដ្ឋកិច្ច និងការតភ្ជាប់ទាំងក្នុងតំបន់ និងសកលលោក។

អ្នកនាំពាក្យរៀបរាប់ថា ចំពោះការទំនើបកម្ម និងពិពិធកម្មយន្តហោះសម្រាប់ពង្រីកវិសាលភាពបណ្តាញហោះហើរជាគ្រឹះដ៏សំខាន់នៃចក្ខុវិស័យនេះ គឺកិច្ចព្រមព្រៀងទិញយន្តហោះខ្នាតមធ្យម និងប្រភេទយន្តហោះសម្រាប់ប្រតិបត្តិការហោះហើរក្នុងតំបន់ដ៏មានសារៈសំខាន់ដែលបង្ហាញ ពីជំហរដ៏មានប្រៀបរបស់ក្រុមហ៊ុនអាកាសចរណ៍ក្នុងការបង្កើនការតភ្ជាប់ ។
 
ជាមួយគ្នានេះអ្នកនាំពាក្យ ក្រុមហ៊ុនក៏លើកកម្ពស់បទពិសោធន៍សេវាកម្មនៅអាកាសយានដ្ឋាន និងបទពិសោធន៍ឆ្លងកាត់(ផ្ទេរជើងហោះហើរ) នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI) ។ អ្នកនាំពាក្យបញ្ជាក់ថា តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធ ជាមួយអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌា កំពុងជំរុញការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសម្រាប់កិច្ចសម្របសម្រួលការតភ្ជាប់ និងផ្ទេរជើងហោះហើរ ឱ្យកាន់តែរលូន ងាយស្រួល ឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាព៕

To Top