លោកឧត្ដមសេនីយ៍ត្រី ឆាយ សុភ័ក្រ្ត ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយប្រកាស ស្ដីពីការកំណត់ចំនួនមុខតំណែងរងក្នុងរចនាសម្ព័ន្ធអង្គភាពនគរបាលជាតិ ក្រសួងមហាផ្ទៃ (តាមប្រព័ន្ធកម្មវិធីzoom)
ពោធិ៍សាត់៖ យោងលិខិតលេខ២៣៣/២៦ ចុះថ្ងៃទី១៧ខែសីហាឆ្នាំ២០២៦នេះ នៅរសៀលថ្ងៃទី១៩ខែសីហាឆ្នាំ២០២៦ លោកឧត្ដមសេនីយ៍ត្រី ឆាយ សុភ័ក្រ្ត ស្នងការរងផែនការងារធនធានមនុស្ស បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយប្រកាស ស្ដីពីការកំណត់ចំនួនមុខតំណែងរងក្នុងរចនាសម្ព័ន្ធអង្គភាពនគរបាលជាតិ ក្រសួងមហាផ្ទៃ ប្រកាសស្ដីពីការកំណត់ចំនួនមុខតំណែង ស្នងការរង នាយរងការិយាល័យ អធិការរង មេបញ្ជាការរង នាយរងផ្នែក និងនាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលចំណុះស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត និងប្រកាសស្ដីពីការកំណត់លក្ខខណ្ឌនីតិវិធីជ្រើសរើស និងការចាត់បញ្ជូនមន្រ្តីរាជការ នៃក្រសួងមហាផ្ទៃ សិស្សនិងនិសិ្សតនគរបាលបន្តវេនឲ្យចូលសិក្សាវគ្គបណ្ដុះបណ្ដាលនានាក្នុងនិងក្រៅប្រទេស (តាមប្រព័ន្ធកម្មវិធីzoom) ក្រោមអធិបតីភាពអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ។

កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំអគារអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលខេត្ត ដោយមានការចូលរួមរបស់លោក លោកស្រីនាយការិយាល័យជំនាញទាំង១២ផែន លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៥ លោកអធិការនគរបាលក្រុង.ស្រុកទាំង៧។


កិច្ចប្រជុំនេះមានគោលបំណងផ្សព្វផ្សាយ និងធ្វើឱ្យថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលពាក់ព័ន្ធបានយល់ច្បាស់អំពីការរៀបចំរចនាសម្ព័ន្ធមុខតំណែង ការកំណត់ចំនួនមុខតំណែងរង ព្រមទាំងលក្ខខណ្ឌ និងនីតិវិធីពាក់ព័ន្ធនឹងការជ្រើសរើស និងបញ្ជូនមន្ត្រីទៅបន្តការសិក្សា និងបណ្តុះបណ្តាលជំនាញនានា ដើម្បីរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពការងារ និងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យនគរបាលជាតិ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងស្របតាមបទប្បញ្ញត្តិជាធរមាន៕
ប្រភព÷ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់\ដោយ÷ធឿន/ដើមអម្ពិល









