រដ្ឋមន្ដ្រីមហាផ្ទៃ ៖ AUC ស្រាវជ្រាវមន្ដ្រី ៤រូប ពាក់ព័ន្ធមូលនិធិ ឃុំ-សង្កាត់ ខណៈ ឃុំ-សង្កាត់ ខ្លះទទួលបានថវិការដល់ ២០ម៉ឺនដុល្លារ
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានឱ្យដឹងថា អង្គភាពប្រឆាំងអំពើពុករលួយ (ACU) កំពុងចុះស្រាវជ្រាវករណីមន្ដ្រីមូលដ្ឋានចំនួន ៤រូប ពាក់ព័ន្ធទៅនឹងគម្រោងមូលនិធិអភិវឌ្ឍ ឃុំ-សង្កាត់។
ថ្មីៗនេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង ចេញដីកាបញ្ចប់មុខតំណែងមន្ត្រីរាជការមួយចំនួន ពាក់ព័ន្ធភាពមិនប្រក្រតី នៃដំណើរការរៀបចំ និងអនុវត្តគម្រោងមូលនិធិឃុំ នៃខេត្តកំពង់ឆ្នាំង។ ការបញ្ចប់មុខតំណែង ធ្វើឡើងបន្ទាប់ពីករណីបង្គោលភ្លើងសូឡា ១ដើម តម្លៃ ៨លានរៀល កើតមានក្នុងឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ក្នុងទិវាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស ២០ សីហា ២០២៦ ក្រោមប្រធានបទ «គ្រប់សាសនានៅកម្ពុជារួមគា្នបង្ការ ទប់ស្កាត់អំពើជួញដូរមនុស្ស និងឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា» នារសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានណែនាំអភិបាលរាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះការធ្វើលទ្ធកម្ម នៃគម្រោងមូលនិធិ ឃុំ-សង្កាត់។
លោកឧបនាយករដ្ឋមន្ដ្រី គូសបញ្ជាក់ថា «ថ្មីៗនេះយើងឃើញថា នៅក្នុងបណ្ដាញសង្គម បានលើកឡើងពាក់ព័ន្ធនឹងការដេញថ្លៃគម្រោងនានានៅក្នុងមូលនិធិ ឃុំ សង្កាត់។ កិច្ចការងារនេះ ខ្ញុំ សូមឱ្យ ឯកឧត្តម អភិបាលរាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់ខ្ពស់ ការធ្វើលទ្ធកម្ម ការពិភាក្សា ការធ្វើរបាយការណ៍ ចំណាយទាំងអស់នោះមកទាន់ពេលវេលា មកខេត្តអត់។ ឥឡូវមានមន្ដ្រីក្នុងខេត្តមានចំនួន ៤នាក់ហើយ ដែល AUC កំពុងធ្វើកិច្ចការងារនេះ ហើយប៉ុន្មានថ្ងៃនេះខ្ញុំបានបញ្ជូនសារទៅឱ្យខេត្ត ៤ទៀត ដើម្បីពិនិត្យមើលទៅកិច្ចការងារនេះ»។
ទន្ទឹមនឹងនេះ ប្រមុខក្រសួងមហាផ្ទៃ ក៏បានរំលឹកថា កាលពីឆ្នាំ២០០២ គម្រោងមូលនិធិ ឃុំ-សង្កាត់ មានជាង ២ម៉ឺនដុល្លារប៉ុណ្ណោះ។ បច្ចុប្បជាមធ្យមជាង ១៧ម៉ឺនដុល្លារ ខណៈឃុំខ្លះ បានរហូតដល់ ២០ម៉ឺនដុល្លារ។ ថវិកាទាំងអស់នេះ ត្រូវចំណាយទៅលើកិច្ចការងាររដ្ឋបាល ចំណាយទៅលើការអភិវឌ្ឍ និងតម្រូវការនានា របស់ប្រជាពលរដ្ឋ៕
