Feature

ក្មេងទំនើង ចំនួន០៣នាក់ ត្រូវកម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺធ្វើការបង្រ្កាប និងឃាត់ខ្លួនបានភ្លាមៗ ក្រោយទទួលបានការខលប្តឹងពីប្រជាពលរដ្ឋតាមរយៈលេខ Hotline 1292

កំពង់ស្ពឺ៖ លោក ឧត្តមសេនីយ៍ត្រី​ ម៉េង ស្រ៊ុន មេបញ្ជាការ បានដាក់បទបញ្ជា ដល់កម្លាំងជំនាញ ព្រមទាំងកម្លាំងអាវុធហត្ថតាមបណ្តាក្រុង-ស្រុក បន្តបង្រ្កាបករណីក្មេងទំនើងឲ្យដូចភ្លៀងរលឹម ថ្មីៗនេះក្មេងទំនើងចំនួន០៣នាក់ ត្រូវបានកម្លាំងជំនាញធ្វើការបង្រ្កាប និងឃាត់ខ្លួនបានភ្លាមៗ ក្រោយទទួលបានការខលប្តឹងពីប្រជាពលរដ្ឋតាមរយៈលេខ (Hotline 1292 )ករណីបង្ហោះម៉ូតូតាមទីសាធារណៈ ដែលបង្កឲ្យប៉ះពាល់ដល់ប្រជពលរដ្ឋ និងធ្វើឲ្យខូចសណ្តាប់ធ្នាប់សាធារណៈ។

ក្រោយទទួលបានការខលប្តឹងពីប្រជាពលរដ្ឋតាមរយៈលេខ (Hotline 1292) លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានដាក់បទបញ្ជា ដល់កម្លាំងអង្គភាពនគរបាលយុត្តិធម៌ នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះប្រតិបត្តិការភ្លាមៗ ដើម្បីធ្វើការបង្រ្កាប និងឃាត់ខ្លួននូវក្មេងទំនើងដែលកំពុងធ្វើសកម្មភាព បង្ហោះម៉ូតូ យ៉ាងអនាធិបតេយ្យ នៅតាមទីសាធារណៈ បង្កឲ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ  និងធ្វើឲ្យខូចធ្នាប់សាធារណៈ  ជាពិសេសប៉ះពាល់ដល់សណ្តាប់សង្គម ដែលក្មេងទំនើងទាំងនោះធ្វើសកម្មភាពកាលពីវេលាម៉ោង ២៣:១០នាទី ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ នៅចំណុចដីឡូតិ៍ខាងលិចពន្ធនាគារ ស្ថិតភូមិទួលគក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ក្មេងទំនើងដែលបានឃាត់ខ្លួនទាំងនោះរួមមានគ្នាចំនួន ០៣នាក់ ដែលជនសង្ស័យទី០១មានឈ្មោះ យឹម វុទ្ធី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករ ទី០៣ឈ្មោះ សាត បញ្ញា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរនៅផ្ទះ ទី០៣ឈ្មោះ សឿន ចាន់រ៉ា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរនៅផ្ទះ ។ និងចាប់យកវត្ថុតាងរួមមានៈ ម៉ូតូ ចំនួន០១គ្រឿង (ម៉ាក HONDA BEAT ពណ៌ខៀវ ឆ្នាំ២០១៧ ផ្លាកលេខ ភ្នំពេញ GW-2892) , ទូរស័ព្ទ ចំនួន០៣គ្រឿង(ម៉ាក IPHONE , HONOR) ។

បច្ចុប្បន្នក្រុមក្មេងទំនើងទាំង ០៣នាក់ ខាងលើត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ យកមកអប់រំណែនាំ​ និងធ្វើកិច្ចសន្យាចំពោះមុខ ឪពុក ម្តាយ​​​ និង​អាណាព្យាបាល​ ដើម្បីបញ្ឈប់រាល់សកម្មភាពទំនើងទាំងនេះ ដែលនាំឱ្យប៉ះពាល់​ ដល់ប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវ ព្រមទាំងធ្វើឲ្យប៉ះពាល់ដល់សណ្តាបធ្នាប់សាធារណៈ និងឈានទៅដល់ការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ក៏ដូចជាកិត្តិយសគ្រួសារ ព្រមទាំងបង្ករការភ័យខ្លាចដល់អ្នកជុំវិញ ជាពិសេបង្កភាពអនាធិបតេយ្យក្នុងសង្គម ចំណែកម៉ូតូត្រូវបានកម្លាំងជំនាញដកហូតយកទៅរក្សាទុករយៈពេល០៣ខែ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ  ៕

To Top