សន្និសីទធនាគារនៅកម្ពុជា ការដាក់ចេញអាទិភាពសម្រាប់ស្ថិរភាពហិរញ្ញវត្ថុ បង្កើនជំនឿទុកចិត្ត និងកំណើនដោយចីរភាព
ភ្នំពេញ៖ សមាគមធនាគារនៅកម្ពុជា (ABC) បានរៀបចំ សន្និសីទធនាគារនៅកម្ពុជា ឆ្នាំ២០២៦រយៈពេល២ថ្ងៃកាលពីថ្ងៃទី១៩ និង២០ ខែសីហា នៅសណ្ឋាគារសុខា ភ្នំពេញ ក្រោមមូលបទ “ការរក្សាស្ថិរភាព ការពង្រឹងសុចរិតភាពហិរញ្ញវត្ថុ ទំនុកចិត្ត និងភាពជឿជាក់លើប្រព័ន្ធធនាគារ”។

សន្និសីទនេះបានប្រមូលផ្តុំអ្នកចូលរួមសរុបប្រមាណជាង ៨៦០នាក់ រួមមានតំណាងនិយ័តករ រដ្ឋាភិបាល គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដៃគូអភិវឌ្ឍន៍ តំណាងធនាគារក្នុងតំបន់អាស៊ាន និងក្រុមហ៊ុនបច្ចេកវិទ្យា ដើម្បីពិភាក្សានិងកំណត់អាទិភាពសម្រាប់វដ្តកំណើនថ្មីរបស់វិស័យធនាគារនៅកម្ពុជា។

លោករ័ត្នសោភ័ណប្រធានសមាគមធនាគារនៅកម្ពុជា (ABC) មានប្រសាសន៍ថា ទោះបីវិស័យអចលនទ្រព្យកំពុងស្ថិតក្នុងដំណាក់កាលប្រែប្រួល មានសម្ពាធលើគុណភាពទ្រព្យសកម្ម និងហានិភ័យចំពោះសុវត្ថិភាពសាយប័រកាន់តែស្មុគស្មាញក៏ដោយ ក៏វិស័យធនាគារកម្ពុជានៅតែមានភាពធន់ និងរឹងមាំ។
លោក បានកត់សម្គាល់ទៀតថា វដ្តនៃកំណើនថ្មីបន្ទាប់គឺពឹងផ្អែកលើបុរេសកម្មនៃការគ្រប់គ្រងហានិភ័យ ការធ្វើសំវិធានធនប្រកបដោយការប្រុងប្រយ័ត្ន ការផ្តល់ឥណទានប្រកបដោយការទទួលខុសត្រូវ និងកិច្ចសហការយ៉ាងជិតស្និទ្ធរវាងនិយ័តករ និងដៃគូក្នុងវិស័យនេះ។
តាមរយៈការធ្វើបទបង្ហាញចំនួន២ កិច្ចពិភាក្សាចំនួន៧ និងការធ្វើបទបង្ហាញពីដៃគូរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) អ្នកចូលរួមបានពិភាក្សាអំពីការផ្លាស់ប្តូររបស់វិស័យនេះពីភាពធន់ទៅរកកំណើនប្រកបដោយការទទួលខុសត្រូវ។
ថ្ងៃទីមួយនៃសន្និសីទ បានផ្តោតលើការកែសម្រួលគុណភាពទ្រព្យសកម្ម ការដោះស្រាយទ្រព្យសកម្មដែលមានបញ្ហា (Distressed assets) សុចរិតភាពផ្នែក ហិរញ្ញវត្ថុ ការការពារអ្នកប្រើប្រាស់ និងប្រព័ន្ធទូទាត់ប្រាក់ដែលមានសុវត្ថិភាព។
ថ្ងៃទីពីរ បានផ្តោតលើហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនតូច និងមធ្យម (SMES) ពាណិជ្ជកម្ម វិស័យកសិកម្ម, ប្រតិបត្តិការហិរញ្ញវត្ថុប្រកបដោយចីរភាព, ជំនាញ ព្រមទាំងភាពជាអ្នកដឹកនាំដែលចាំបាច់ដើម្បីសម្រេចបាននូវអាទិភាពរបស់វិស័យនេះសម្រាប់ឆ្នាំ ២០២៧។
លោក ហ្សារ៉ាដ ជេន អ្នកគ្រប់គ្រងក្រុមហ៊ុន ម៉ាស្ទ័រកាត ប្រចាំប្រទេសកម្ពុជា វៀតណាម និងឡាវបាន មានប្រសាសន៍ថា «នៅក្នុងបរិបទនៃភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល និងភាពស្មុគស្មាញនៃ ប្រព័ន្ធឌីជីថល វិស័យធនាគារកំពុងប្រឈមមុខនឹងភារកិច្ចសំខាន់ពីរទន្ទឹមគ្នាគឺ ការជំរុញកំណើន សេដ្ឋកិច្ច និងការរក្សាស្ថិរភាពព្រមទាំងទំនុកចិត្ត»៕
