ក្រសួងសុខាភិបាល ក្រេីនរំលឹកពលរដ្ឋបង្ការការកើតមានជំងឺពងបែក ដៃ ជើង និងមាត់
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បាន ក្រេីនរំលឹកដល់ប្រជាពលរដ្ឋបង្ការការកើតមានជំងឺពងបែក ដៃ ជើង និងមាត់ បន្ទាប់ពីរកឃើញការកើនឡើង នៃករណីជំងឺនេះ នៅលើកុមារ ពិសេសកុមារមានអាយុក្រោម៥ឆ្នាំ ដែលតម្រូវឱ្យមាន ការពិនិត្យព្យាបាលសមស្របតាមមូលដ្ឋានសុខាភិបាល។
បេីតាមសេចក្ដីក្រេីនរំលឹករបស់ក្រសួងសុខាភបាល, ជំងឺពងបែកដៃ ជើង និងមាត់ គឺជាជំងឺឆ្លងមួយប្រភេទ បង្កដោយពពួកអង់តេរ៉ូវីរុស (enteroviruses) ជា ញឹកញាប់គឺ ពួកវីរុសកុកសាគី (coxsackievirus) ភាគច្រើនកើតលើ ទារក និងកុមារ ប៉ុន្តែក៏អាចកើតលើ មនុស្សពេញវ័យផងដែរ។
សូមបញ្ជាក់ថា របៀបចម្លង ជំងឺពងបែក ដៃ ជើង និងមាត់ អាចឆ្លង ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តាមរយៈ ការប៉ះពាល់ដោយផ្ទាល់ជាមួយនឹងវត្ថុរាវនៃផ្លូវដង្ហើម (ទឹកមាត់ កំហាក និងសំបោរ) ទឹករងៃ ដែលចេញពីពងបែក លាមកអ្នកជំងឺ។ អ្នកជំងឺអាចចម្លងខ្លាំងបំផុតក្នុងសប្តាហ៍ទីមួយ។ ជំងឺពងបែក ដៃ ជើង និងមាត់ មិនឆ្លងពីមនុស្ស ទៅសត្វឬពីសត្វមកមនុស្សឡើយ។
រោគសញ្ញា៖មានគ្រុនក្តៅ មានដំបៅឈឺក្នុងមាត់ និង មានពងកន្ទួលក្រហម លើបាតដៃ បាតជើង និង កំប៉ះគូទ, ជំងឺពងបែក ដៃជើង និងមាត់ ភាគច្រើនមានស្ថានភាពស្រាល អ្នកជំងឺស្ទើរតែទាំងអស់ជាសះស្បើយ ក្នុងរយៈពេលពី ៧ថ្ងៃ ទៅ១០ ថ្ងៃ (អ្នកជំងឺអាចត្រូវការ ថ្នាំបញ្ចុះកំដៅ ថ្នាំបំបាត់ការឈឺចាប់ ដែលបណ្តាលមកពីពងបែកក្នុងមាត់ តែមិនត្រូវប្រើថ្នាំ អាស្ពីរីន (aspirin) ដើម្បីបញ្ចុះកំដៅឡើយ), មានករណីខ្លះ ជំងឺពងបែក ដៃ ជើង និងមាត់ អាចបង្កឱ្យមានផលវិបាកធ្ងន់ធ្ងរ រួមមាន រោគសញ្ញា ប្រព័ន្ធប្រសាទ (សន្លឹម ប្រកាច់ ឬ កន្ត្រាក់ដៃជើង) និងរោគសញ្ញាផ្លូវដង្ហើម (ពិបាកដកដង្ហើម ហត់) ដែលត្រូវប្រញាប់បញ្ជូនជាបន្ទាន់ ទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិតបំផុត ចៀសវាងការ ពន្យារពេល ធ្វើឱ្យប្រឈមនឹងហានិភ័យខ្ពស់នៃជំងឺ៕
