ឧបនាយករដ្ឋមន្ត្រី ស សុខា រំលឹកជាថ្មីអំពីសារៈសំខាន់នៃការអភិវឌ្ឍធនធានមនុស្ស ជាគ្រឹះសម្រាប់អភិវឌ្ឍប្រទេសជាតិ
ព្រៃវែង ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានមានប្រសាសន៍រម្លឹកជាថ្មីទៀតអំពីសារៈសំខាន់នៃការអភិវឌ្ឍធនធានមនុស្ស ដែលជាគ្រឹះសម្រាប់ការកសាង និងអភិវឌ្ឍប្រទេសជាតិ។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា២ខ្នង និងសមិទ្ធផលនានា នៅអនុវិទ្យាល័យ និងសាលាបឋមសិក្សាព្រៃស្នៀត ស្ថិតក្នុងឃុំព្រៃស្នៀត ស្រុកពារាំង ខេត្តព្រៃវែង នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី បានចាត់ទុកសមិទ្ធផលថ្មីនេះ ថាជាការរួមចំណែកពង្រឹងគុណភាពធនធានមនុស្ស ស្របតាមគោលនយោបាយដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

លោកឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍គូបញ្ជាក់ទៅកាន់អង្គពិធីទៀតថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្តមរតកនយោបាយដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ដោយបានបន្តចាត់ទុកវិស័យអប់រំ និងការបណ្តុះបណ្តាល ជាអាទិភាពចម្បងបំផុត ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីទាញយកសក្តានុពល និងសមត្ថភាពរបស់ក្មួយៗសិស្សានុសិស្ស ដែលជាទំពាំងស្នងឫស្សី និងជាអនាគតដ៏ភ្លឺស្វាងរបស់ប្រទេសជាតិ។

ក្នុងន័យនេះ លោក ឧបនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍កោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តព្រៃវែង អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងជាពិសេសបណ្តាសប្បុរសជនជិតឆ្ងាយទាំងអស់ ដែលបានចូលរួមចំណែកយ៉ាងសកម្មទាំងថវិកា ស្មារតី និងសម្ភារ ក្នុងការកសាងសមិទ្ធផលនានា ឱ្យលេចរូបរាងឡើងយ៉ាងត្រដែត ដើម្បីបម្រើផលប្រយោជន៍ជាសាធារណៈ និងលើកកម្ពស់វិស័យអប់រំនៅក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរឡើង៕
