Feature

សមត្ថកិច្ច នាំខ្លួន ឆេង ភារុណ ពីទឹកដីវៀតណាម យកមកស្នងការ នគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ សមត្ថកិច្ច បាននាំខ្លួន ឆេង ភារុណ ពីទឹកដីវៀតណាម យកមកស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី បន្ទាប់ពីរត់គេចខ្លួនទៅប្រទេសវៀតណាម ពាក់ព័ន្ធករណីវាយបុរស់ម្នាក់ ទៅនឹងដប់ស្រាក្នុងហាងមួយកន្លែង នៅភ្នំពេញ។

តាមរយៈគេហទំព័រហ្វេសប៊ុក នាព្រឹកថ្ងៃទី២៤ សីហា នេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងស្នងការនគរបាលភ្នំពេញ បានឱ្យដឹងថា «ជនសង្ស័យឈ្មោះ ឆេង ភារុណ កំពុងរៀបចំបែបបទឆ្លងដែនយកមកវិញ (សូមបញ្ជាក់ ជនខាងលើបានត្រឡប់ដល់ព្រុំដែនម៉ោង២៣ ជាង ដោយយប់ពេកត្រូវខាងមិត្ត វៀតណាមផ្អាកឆ្លងចូល។ត្រូវឱ្យសម្រាកផ្ទះជួលជិតនោះមួយយប់ពេលភ្លឺទើបរៀបចំបែបបទ បើកឱ្យឆ្លងដែនចូលដីខ្មែរដោយមិត្តវៀតណាមធានាមើលខុសត្រូវមិនឱ្យបាត់ ) លោកអនុប្រធាននាយកដ្ឋានព្រ/ទ ប៉ុល រតនា និង លោកអធិការនគរបាល ខណ្ឌបឹងកេងកងនៃស្នងការដ្ឋាននគរបាលរាជធានី នៅចាំតាំងពីយប់ម្លេះនៅព្រុំដែន»។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បន្ដថា «បន្តិចទៀតនៅពេលជនសង្ស័យ ឆេង ភារុណ បំពេញបែបបទឆ្លងដែនរួច និងដឹកបន្តយកមកស្នងការនគរបាលរាជធានីដើម្បីបន្តនីតិវិធី»។
 
សូមរំលឹកថា កាលពីយប់មិញ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានប្រកាសយ៉ាងមុតមាំ ក្នុងការចាត់វិធានការលើជនបង្កហិង្សា ឆេង ភារុណ ដោយទុកពេល៤៨ម៉ោង ឱ្យចូលខ្លួនទទួលទោស ។ ក្រោយជនសង្ស័យរត់គេចខ្លួនទៅវៀតណាម, លោកឧបនាយករដ្ឋមន្ត្រីបានទាក់ទងដោយផ្ទាល់ ទៅកាន់លោក លឿង តាមខ្វាង រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ដោយបានស្នើសុំកម្លាំងមានសមត្ថកិច្ចវៀតណាម សហការស្រាវជ្រាវ និងឃាត់ខ្លួនបុគ្គលនេះ៕

To Top