សេចក្តីប្រកាសព័ត៌មាន គ.ជ.ប បើកវគ្គបណ្តុះបណ្តាលជូនដល់ លធ.ខប គណបក្សនយោបាយ និងភាគីពាក់ព័ន្ធ ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ជូនដល់លេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) តំណាងគណបក្សនយោបាយ និងភាគីពាក់ព័ន្ធ ក្រោមអធិបតីភាព លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការ គ.ជ.ប។

នាឱកាសនេះ លោក ទេព នីថា បានមានប្រសាសន៍ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ គឺជាដំណើរការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតប្រចាំឆ្នាំ ស្របតាមច្បាប់ និងគោលការណ៍បញ្ជីបោះឆ្នោតអចិន្ត្រៃយ៍ សំដៅពង្រឹងគុណភាពបញ្ជីបោះឆ្នោតឱ្យកាន់តែមានភាពពេញលេញ ភាពត្រឹមត្រូវ និងមានបច្ចុប្បន្នភាព ព្រមទាំងធានាបាននូវការសម្ងាត់ សន្តិសុខ និងសុវត្ថិភាពនៃទិន្នន័យអត្តសញ្ញាណរបស់អ្នកបោះឆ្នោត សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ ឆ្នាំ២០២៧ និងតាមការកំណត់នៃច្បាប់។

លោកបានបន្តថា ដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦នេះ បាន ប្រព្រឹត្តទៅក្នុងស្ថានភាពដ៏លំបាក ដោយសារតែនៅតាមបណ្តាខេត្តដែលនៅតាមព្រំដែនកម្ពុជា-ថៃ បានទទួលរងផលប៉ះពាល់ដោយសារការឈ្លានពានរបស់យោធាថៃកាលពីឆ្នាំ២០២៥ ហើយរហូតមកដល់បច្ចុប្បន្ននេះយោធាថៃនៅតែបន្តកាន់កាប់តំបន់មួយចំនួនក្នុងទឹកដីរបស់កម្ពុជាដោយខុសច្បាប់ ដែលនាំឱ្យប្រជាពលរដ្ឋមិនអាចវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញ។

ដូច្នេះ គ.ជ.ប ត្រូវយកចិត្តទុកដាក់បន្ថែមទៀតពាក់ព័ន្ធនឹងការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាន និងការកំណត់ចំនួន និងទីតាំងការិយាល័យបោះឆ្នោត ដើម្បីរៀបចំផែនការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឱ្យបានល្អ ដោយធានាសិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋខ្មែរស្របតាមច្បាប់ស្តីពីការបោះឆ្នោត និង គោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។

លោកអគ្គលេខាធិការ បានបញ្ជាក់ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ សំដៅដល់៖
- ការចុះឈ្មោះបោះឆ្នោតជូនប្រជាពលរដ្ឋដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុន ដែលទើបដល់អាយុ ១៨ឆ្នាំ គិតដល់ថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ អ្នកដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលថ្មីក្នុងឃុំ សង្កាត់
- ការកែតម្រូវទិន្នន័យជីវប្រវត្តិ (ប្តូរការិយាល័យបោះឆ្នោតក្នុងឃុំ សង្កាត់ កែតម្រូវឈ្មោះ ភេទ ថ្ងៃខែឆ្នាំកំណើត ឬផ្លាស់ប្តូរឯកសារចុះឈ្មោះបោះឆ្នោត)
- ការធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ (ថតរូប និងផ្តិតម្រាមដៃ) ចំពោះអ្នកដែលបានចុះឈ្មោះបោះឆ្នោតក្នុងឆ្នាំ២០១៦ និងឆ្នាំ២០១៧ ដែលមិនធ្លាប់បានធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រក្នុងបញ្ជីបោះឆ្នោតកន្លងមក
- ការលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតដោយផ្អែកលើឯកសារសំអាងត្រឹមត្រូវច្បាស់លាស់ ចំពោះអ្នកដែលទទួលមរណភាព ដែលត្រូវបានដកហូតជាបណ្តោះអាសន្ននូវសិទ្ធិបោះឆ្នោត ឬដែលបានផ្លាស់លំនៅឋាន ទីសំណាក់ចេញទៅឃុំ សង្កាត់ផ្សេង។

លោក ទេព នីថា បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនាពេលនេះ គឺជាការរៀបចំជាពិសេសជូនដល់មន្រ្តី គ.ជ.ប ប្រធាន លធ.ខប ប្រធានផ្នែកអប់រំ ព័ត៌មាន និងទំនាក់ទំនងសាធារណៈ អ្នកបច្ចេកទេសកុំព្យូទ័រនៃ លធ.ខប តំណាងគណបក្សនយោបាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីឱ្យមានការយល់ដឹងអំពីក្របខ័ណ្ឌច្បាប់បោះឆ្នោត ដំណើរការប្រព្រឹត្តទៅនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ការប្រើប្រាស់ទម្រង់បែបបទនានា ការវេចខ្ចប់សម្ភារ ឯកសារ ព្រមទាំងបែបបទ និងនីតិវីធីនៃការផ្តល់ឯកសារបញ្ជាក់អត្តសញ្ញាណ បម្រើឱ្យការចុះឈ្មោះបោះឆ្នោត និងលិខិតបញ្ជាក់ទីលំនៅក្នុងឃុំ សង្កាត់ សម្រាប់គោលដៅនៃការចុះឈ្មោះបោះឆ្នោត ដើម្បីជាមូលដ្ឋានក្នុងការត្រៀមចូលរួម និងសហការអនុវត្តតាមភារកិច្ចរៀងៗខ្លួន សំដៅជំរុញ និងធានាឱ្យដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ទទួលបានជោគជ័យ គោរពតាមច្បាប់ បទបញ្ជា និងនីតិវិធី និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ដោយមានសិក្ខាកាមចូលរួមសរុបចំនួន ១៤០នាក់។


សូមជម្រាបជូនថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ទូទាំងប្រទេស នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ ខែតុលា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦៕
