Feature

អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសូរិយោដីខេត្ត ពិនិត្យការប្រើប្រាស់ដី ទីក្រុង និងតំបន់ប្រជុំជន

កំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ នេះ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសូរិយោដីខេត្តកំពង់ចាម ដើម្បីពិនិត្យ និងពិភាក្សាលើបទបង្ហាញស្តីពី ការប្រើប្រាស់ដី ទីក្រុង និងតំបន់ប្រជុំជន។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលាខេត្តកំពង់ចាម ដោយមានការចូលរួមពីអភិបាលរងខេត្ត និងមន្ទីរជំនាញ អភិបាលក្រុង-ស្រុក និងអ្នកពាក់ព័ន្ធជាច្រើនទៀត។

ក្នុងឱកាសបើកកិច្ចប្រជុំ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានលើកឡើងថា ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម គឺមានដីជាប់ដងទន្លេមេគង្គ និងប្រឡាយ បឹងបួរច្រើន ដែលផ្ដល់នូវសក្តានុពលផ្នែកកសិកម្ម ក្រៅពីនោះនៅមានដីតំបន់កំខ្ពង់រាប និងវាលទំនាប ដែលជាដីសម្រាប់បង្ករបង្កើតផលដំណាំស្រូវ ។

ដូច្នេះការគិតគូររបស់គណៈកម្មាធិការសូរិយោដីខេត្ត ត្រូវតែសិក្សារៀបចំបែងចែកដីឲ្យស្របទៅតាមតំបន់ដើម្បីធ្វើការការអភិវឌ្ឍ នូវការបង្កបង្កើនផល ដូចជាតំបន់ដាំដំណាំស្រូវ ឬតំបន់ណាដែលសម្រាប់ការអភិវឌ្ឍន៍លើដំណាំកសិឧស្សាហកម្ម និងតំបន់ណាដែលរៀបចំសម្រាប់តែផ្នែកឧស្សាហកម្មតែម្ដង និងតំបន់ណាដែលសម្រាប់ផលិតពូជសត្វ និងសាច់សត្វ និងតំបន់ណាដែលជាតំបន់វ៉ារីវប្បកម្ម ។

ដោយឡែកសម្រាប់ទីប្រជុំជន គឺសម្រាប់ការលើកសោភ័ណភាព សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ដែលបម្រើឲ្យទីផ្សារ ដែលជាកន្លែងទទួលភោគផលពីតំបន់ផ្សេងៗ ធ្វើការបែងចែកបន្ត ជាចរន្តការលក់ ការទិញ សកម្មភាពសេដ្ឋកិច្ច នៃការរស់នៅរបស់ប្រជាពលរដ្ឋ ។

គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំក៏បានផ្តោតលើការពិនិត្យ និងពិភាក្សាអំពីបញ្ហាពាក់ព័ន្ធនានា ដើម្បីធានាឱ្យការគ្រប់គ្រង និងប្រើប្រាស់ដីនៅតាមទីក្រុង និងតំបន់ប្រជុំជន មានភាពសមស្រប និងឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍របស់មូលដ្ឋាន។ម្យ៉ាងទៀត កិច្ចប្រជុំនេះផងដែរ គឺជាផ្នែកមួយនៃការពង្រឹងការងារគ្រប់គ្រងដីធ្លី និងការរៀបចំទីក្រុង និងតំបន់ប្រជុំជននៅក្នុងខេត្តកំពង់ចាម ឱ្យកាន់តែមានសណ្តាប់ធ្នាប់ ប្រសិទ្ធភាព និងចីរភាព។

អត្ថបទដោយ: គីហ្សូណា / ដើមអម្ពិល/ កំពង់ចាម|រូបភាពដោយ: គីហ្សូណា

To Top