មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា ដើរតួនាទីយ៉ាងសំខាន់បង្កើតធនធានមនុស្សជំនាន់ថ្មី ប្រកបដោយសមត្ថភាព ក្នុងវិស័យភាពយន្ត
ភ្នំពេញ ៖ លោក ឯក ប៊ុនថា អនុរដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា ដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាល និងបង្កើតធនធានមនុស្សជំនាន់ថ្មី ប្រកបដោយសមត្ថភាព ទេពកោសល្យក្នុងវិស័យភាពយន្ត សម្រាប់ពេលបច្ចុប្បន្ន និងអនាគត។

ក្នុងសន្និសីទសារព័ត៌មាន ស្តីពីការរៀបចំមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៥ នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ លោក ឯក ប៊ុនថា បានថ្លែងថា មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៥ ក្រោមប្រធានបទ «ភាពយន្តខ្នាតខ្លី ជាជំហានឆ្ពោះទៅកាន់ភាពយន្តខ្នាតវែង» គ្រោងនឹងរៀបចំនាសប្តាហ៍ទី១ នាខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ គឺជាព្រឹត្តិការណ៍ដ៏មានសារសំខាន់ និងចាំបាច់ក្នុងការជំរុញលើកទឹកចិត្ត ដល់យុវជនដើម្បីបញ្ចេញគំនិតច្នៃប្រឌិត ចែករំលែកនូវព័ត៌មានដែលពួកគេមាន តាមរយៈអេក្រង់ ឬផ្ទាំងសំពត់ស និងជាជំហានដំបូងក្នុងការនាំពួកឱ្យក្លាយជាផលិតករភាពយន្ត។

លោក អនុរដ្ឋលេខាធិការ បន្ដថា មហោស្រពនេះ ក៏ជាវេទិកាដ៏មានតម្លៃសម្រាប់យុវផលិតករ ក្នុងការបង្ហាញ និងចែករំលែកស្នាដៃរបស់ខ្លួន ទៅកាន់សាធារណជន ព្រមទាំងជាជំហានដំបូងក្នុងការបណ្តុះបណ្តាល និងតម្រង់ទិសពួកគេ ឱ្យឈានទៅក្លាយជាផលិតករភាពយន្តអាជីពនាពេលអនាគតផងដែរ។

លោក អនុរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា «ចាប់តាំងពីការបង្កើតឡើងនៅឆ្នាំ ២០១៦ មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាល និងបង្កើតធនធានមនុស្សជំនាន់ថ្មីប្រកប ដោយសមត្ថភាពទេពកោសល្យក្នុងវិស័យភាពយន្តសម្រាប់ពេលបច្ចុប្បន្ន និងអនាគត។

យុវជនទាំងអស់ បានចូលរួមចំណែកយ៉ាងសកម្មក្នុងការបង្កើតស្នាដៃភាពយន្តថ្មីៗ ប្រកបដោយ គំនិតច្នៃប្រឌិត ដែលបង្កប់ទៅដោយអត្ថន័យខ្លឹមសារអប់រំ សីលធម៌ គុណធម៌ និងអត្តសញ្ញាណជាតិ ដែលសកម្មភាពទាំងនេះមិនត្រឹមតែបានជួយអភិឌ្ឍន៍ឧស្សាហកម្មភាពយន្ត កម្ពុជាប៉ុណ្ណោះទេ តែថែមទាំងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សា ការពារវប្បធម៌ និងលើកតម្កើងវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ជាតិយើងផងដែរ»។

សូមជម្រាបជូនថា ស្ថិតក្នុងបរិបទនៃយុគសម័យឌីជីថល មហោស្រពភាពយន្តខ្នាតខ្លី គឺជាវេទិកាដ៏មានសារៈសំខាន់ និងចាំបាច់បំផុតមួយ ក្នុងចំណោមវេទិកាសំខាន់ៗជាច្រើនទៀត ដើម្បីជំរុញលើកទឹកចិត្តដល់យុវជនឲ្យបញ្ចេញនូវគំនិតច្នៃប្រតិដ្ឋ ចែករំលែករឿងរ៉ាវផ្ទាល់ខ្លួន ផ្សព្វផ្សាយនូវព័ត៌មានដែលពួកគេមាន តាមរយៈអេក្រង់ មិនថាអេក្រង់ទូរស័ព្ទ អេក្រង់ទូរទស្សន៍ ឬអេក្រង់នៅក្នុងរោងភាពយន្តនោះទេ ដែលនេះគឺជាជំហានដំបូងនាំពួកគេឲ្យក្លាយជាអ្នកផលិត និងជាធនធានប្រកបដោយសក្តានុពលសម្រាប់រួមចំណែកទ្រទ្រង់ និងអភិវឌ្ឍឧស្សាហកម្មវប្បធម៌ច្នៃប្រតិដ្ឋ៕
