កម្ពុជា មានគោលនយោបាយធ្វើពិពិធកម្មសេដ្ឋកិច្ចជាមួយបណ្ដាប្រទេសនានាជុំវិញពិភពលោក
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងទូតអារ៉ាប៊ីសាអូឌីត ថា រាជរដ្ឋាភិបាលកម្ពុជា មានគោលនយោបាយធ្វើពិពិធកម្មសេដ្ឋកិច្ចជាមួយបណ្ដាប្រទេសនានាជុំវិញពិភពលោក។
កាថ្លែងប្រាប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាឱកាសអនុញ្ញាតឱ្យ លោក ថាម៊ែរ ម៉ូហាំម៉េដ អេ. អាល់ហ្គោសៃប៊ី (Thamer Mohammed A. Algosaibi) ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦។
ក្នុងឱកាសនៃជំនួប, លោក ឯកអគ្គរាជទូត បានគោរពជម្រាបជូន សម្ដេចធិបតី ហ៊ុន ម៉ាណែត អំពីបេសកកម្មការទូតស្នូលចំនួនពីរ ដើម្បីបន្តពូនជ្រំកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំ រួមមាន៖ ទី១-ការជំរុញការផ្លាស់ប្ដូរដំណើរទស្សនកិច្ចការងាររវាងថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់កម្រិត និងទី២-ការផ្សារភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជន និងវិស័យឯកជន។
លើសពីនេះ លោក ឯកអគ្គរាជទូត បានគូសបញ្ជាក់ពីគម្រោងរបស់គណៈប្រតិភូធុរកិច្ចអារ៉ាប៊ីសាអូឌីតដែលនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងពេលអនាគតដ៏ខ្លីខាងមុខ ដើម្បីស្វែងរកកាលានុវត្តភាពពាណិជ្ជកម្ម និង វិនិយោគ។
ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត មានជំនឿជាក់ថា អាណត្តិការទូតរបស់ លោក នឹងចូលរួមចំណែកយ៉ាងសកម្មក្នុងការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនទ្វេដង។ ទន្ទឹមនឹងនោះ, សម្ដេចធិបតី បានគូសបញ្ជាក់ថា «រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា មានគោលនយោបាយធ្វើពិពិធកម្មសេដ្ឋកិច្ចជាមួយបណ្ដាប្រទេសនានាជុំវិញពិភពលោក ដែលក្នុងនោះក៏មានអារ៉ាប៊ីសាអូឌីតផងដែរ»។
សម្ដេចធិបតី បានបន្ថែមថា ការវិនិយោគនៅកម្ពុជាមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ឱកាសក្នុងការទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដែលកម្ពុជាមានជាមួយដៃគូក្នុងតំបន់ និងអន្តរជាតិទៀតផង។
សម្តេចធិបតី និង លោកឯកអគ្គរាជទូតក៏បានពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលមួយចំនួន រួមមាន៖ សេដ្ឋកិច្ច, ពាណិជ្ជកម្ម, ការវិនិយោគ, ទេសចរណ៍, កសិកម្ម, បច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត (AI)។ សម្ដេចធិបតី ក៏បានលើកទឹកចិត្តឱ្យ លោកឯកអគ្គរាជទូតបន្តសហការជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីស្វែងរកឱកាសថ្មីៗបន្ថែមទៀតក្នុងការបោះជំហានរួមគ្នានាពេលអនាគត៕
