មេដឹកនាំកំពូលរុស្ស៊ី កំពុងរង់ចាំសម្ដេចតេជោ ហ៊ុន សែន ទៅទស្សនកិច្ចពេលឆាប់ៗ ខាងមុខនេះ
ភ្នំពេញ៖ លោក វ្លាឌីមៀ ពូទីន មេដឹកនាំកំពូលរបស់រុស្ស៊ី បាននឹងកំពុងតែរង់ចាំ វត្តមានរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃពញរះរាជាណាចក្រកម្ពុជា ក្នុងការធ្វើដំណើរទស្សនកិច្ច ទៅកាន់ប្រទេសរុស្ស៊ី នៅពេលដែលឆាប់ៗខាងមុខនេះ។ នេះបើតាមការអះអាងរបស់ លោក Andrey RUDENKO អនុរដ្ឋមន្ត្រីការបរទេស នៃសហព័ន្ធរុស្ស៊ី ថ្លែងប្រាប់សម្ដេចតេជោ ហ៊ុន សែន។

ជាការឆ្លើយតប សម្ដេចតេជោក៏បានលើកឡើងថា នៅពេលនេះ សម្ដេចកំពុងតែពិនិត្យមើលពីកាលបរិច្ឆេទ ដើម្បីកំណត់នូវដំណើរទស្សនកិច្ច របស់សម្ដេចទៅកាន់ប្រទេសរុស្ស៊ី នៅពេលខាងមុខ ហើយសម្ដេចក៏សូមបញ្ជាក់ផងដែរថា កម្ពុជាក៏ត្រៀមទទួលដំណើរទស្សនកិច្ច របស់ប្រធានគណបក្សរុស្ស៊ីរួបរួមផងដែរ ដែលលោកគ្រោងនឹងអញ្ជើញមកទស្សនកិច្ច នៅក្នុងប្រទេសកម្ពុជាផងដែរ។

ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ លោក Andrey RUDENKO បានសរសើរចំពោះសម្ដេចតេជោ និងបានលើកឡើងថា សម្ដេចតេជោគឺជាមេដឹកនាំមួយរូបដែលប្រជាជនរុស្ស៊ីបានស្គាល់ ហើយបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការលើកកម្ពស់ទំនាក់ទំនងរវាងកម្ពុជា និងរុស្ស៊ី និងតួនាទីរបស់កម្ពុជានៅលើឆាកអន្តរជាតិ។បន្ថែមពីលើនោះ ឯកឧត្តមក៏បានជម្រាបសម្ដេចតេជោ ពីការពង្រឹងនូវពាណិជ្ជកម្មរបស់ប្រទេសទាំងពីរឲ្យមានការកើនឡើង។
សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ចំពោះ លោក Andrey RUDENKO ក្នុងដំណើរទស្សនកិច្ចមកកាន់កម្ពុជានៅពេលនេះ។ សម្ដេចបានចាត់ទុកដំណើរទស្សនកិច្ច របស់លោក Andrey RUDENKO មកកាន់កម្ពុជានៅពេលនេះ គឺជាផ្នែកនៃការញ៉ាំងទំនាក់ទំនងរវាងកម្ពុជា និងរុស្ស៊ីឲ្យកាន់តែរីកចម្រើននិងរឹងមាំបន្ថែមទៀត។
សម្ដេចបានរំលេចថា ឆ្នាំនេះទំនាក់ទំនងរវាងកម្ពុជា និងរុស្ស៊ីបានឈានមកដល់ខួប៧០ឆ្នាំហើយ ដែលបង្ហាញអំពីទំនាក់ទំនងដ៏មានវ័យចំណាស់មួយរវាងប្រទេសទាំងពីរ។
សម្ដេចតេជោ បានសម្ដែងនូវការស្វាគមន៍ និងការពេញចិត្តចំពោះការលើកឡើង របស់លោក Andrey RUDENKO ជុំវិញទំនាក់ទំនងរវាងកម្ពុជា និងរុស្ស៊ី។
សម្ដេចបានស្វាគមន៍បន្ថែមទៀត ចំពោះការពិភាក្សារវាងលោក Andrey RUDENKO ជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដោយផ្ដោតទៅលើពាណិជ្ជកម្ម និងសេដ្ឋកិច្ច ដែលសម្ដេចបានចាត់ទុកថា ពាណិជ្ជកម្ម និងសេដ្ឋកិច្ចនេះ គឺជាចំណុចស្នូរបន្ថែមទៀតនៃទំនាក់ទំនងរវាងកម្ពុជា និងរុស្ស៊ី។ បន្ថែមពីលើនេះ សម្ដេចតេជោក៏បានរំលេច អំពីប្រវត្តិនៃទំនាក់ទំនងរវាង កម្ពុជានិងរុស្ស៊ី
ជាពិសេសគឺតួនាទី របស់សម្ដេចផ្ទាល់ដែលបានពង្រឹងទំនាក់ទំនង រវាងកម្ពុជាជាមួយរុស្ស៊ី តាំងពីសម្ដេចតេជោនៅជារដ្ឋមន្ត្រីការបរទេស រហូតដល់សម្ដេចធ្វើជានាយករដ្ឋមន្ត្រី ដែលបានធ្វើដំណើរទស្សនកិច្ច ទៅកាន់ប្រទេសរុស្ស៊ីជាច្រើនលើក និងបានធ្វើកិច្ចការងារជាមួយមេដឹកនាំរុស្ស៊ីជាច្រើនកន្លងមក។
សម្ដេច ក៏បានអរគុណចំពោះរដ្ឋាភិបាលរុស្ស៊ី ដែលតែងតែជួយជ្រោមជ្រែង ដល់កម្ពុជា ជាពិសេសគឺការជួយបណ្ដុះបណ្ដាល ធនធានមនុស្សរបស់កម្ពុជា៕
