សម្ដេចតេជោ ចាត់ទុកការវិនិយោគ ជាចំណុចស្នូល នៃទំនាក់ទំនង ទ្វេភាគី រវាងកម្ពុជានិងអារ៉ាប៊ីសាអូឌីត
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកការវិនិយោគ ជាចំណុចស្នូល នៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងអារ៉ាប៊ីសាអូឌីត ។

ក្នុងឱកាស អនុញ្ញាតឱ្យ លោក ថាមើ ម៉ូហាមេដ អេ អាលហ្គោសាយប៊ី (Thamer Mohammed A Algosaibi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ សម្ដេចបានបង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំថា ក្នុងអាណត្តិរបស់លោក ថាមើ ម៉ូហាមេដ អេ អាលហ្គោសាយប៊ី ដែលជាឯកអគ្គរាជទូតថ្មី របស់អារ៉ាប៊ីសាអូឌីតប្រចាំនៅកម្ពុជា នឹងធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជា និងអារ៉ាប់ប៊ីសាអូឌីត កាន់តែរីកចម្រើនបន្ថែមទៀត។

សម្ដេចតេជោ បានផ្ដល់នូវទស្សនៈចំនួន៣ សំខាន់ដើម្បីជំរុញឱ្យទំនាក់ទំនង រវាងប្រទេសកម្ពុជា និងអារ៉ាប៊ីសាអូឌីត ឱ្យកាន់តែរីកចម្រើន៖
ទី១) សម្ដេចចង់សង្កត់ទៅលើ ការជំរុញបន្ថែមទៀតទៅលើការផ្លាស់ប្ដូរនៃទស្សនកិច្ច ឬទំនាក់ទំនងរវាងមេដឹកនាំកំពូល រវាងប្រទេសទាំងពីរឱ្យកាន់តែញឹកញាប់បន្ថែមទៀត ដើម្បីបន្ថែមនូវការជឿជាក់គ្នា រវាងប្រទេសទាំងពីរ។

ទី២) គឺទាក់ទងទៅនឹងការវិនិយោគ គឺការផ្លាស់ប្ដូរនូវអ្នកវិនិយោគ ការទស្សនកិច្ចរវាងធុរជន ហើយជាពិសេសគឺធុរជន រវាងប្រទេសទាំងពីរធ្វើការជាមួយគ្នាដើម្បីបង្កើននូវការវិនិយោគនៅក្នុងប្រទេសទាំងពីរឱ្យកាន់តែកើនឡើង។ សម្ដេចចង់ឃើញ អ្នកវិនិយោគរបស់អារ៉ាប៊ីសាអូឌីត មកវិនិយោគ នៅក្នុងប្រទេសកម្ពុជាកាន់តែច្រើន ជាពិសេសទៅលើការកែច្នៃដើម្បីនាំផលិតផលរបស់កម្ពុជា ដូចជាកសិកម្មជាដើម ទៅលក់នៅអារ៉ាប៊ីសាអូឌី។
ទី៣) សម្ដេចតេជោបានជំរុញបន្ថែមទៀត ធ្វើយ៉ាងណារដ្ឋាភិបាលនៃប្រទេសទាំងពីរ គឺជំរុញឱ្យមានទំនាក់ទំនង រវាងប្រជាជននិងប្រជាជន រវាងប្រទេសទាំងពីរ ឱ្យកាន់តែស្អិតរមួត ហើយជាពិសេសនោះ គឺការផ្ដោតទៅលើវិស័យទេសចរណ៍ ដើម្បីជាការជំរុញបន្ថែមទៀត ទៅលើទំនាក់ទំនង ក្នុងក្របខណ្ឌនយោបាយរវាង កម្ពុជានិងអារ៉ាប៊ីសាអូឌីត ឱ្យកាន់តែរឹងមាំបន្ថែមទៀត។
លោកឯកអគ្គរាជទូតអារ៉ាប់ប៊ីសាអូឌីត ប្រចាំនៅកម្ពុជា បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឱ្យលោក និងសហការីបានជួបសម្ដែងការគួរសមនៅក្នុងឱកាសនេះ។
លោកបានបង្ហាញ អំពីភាពរឹងមាំនៃទំនាក់ទំនងរវាង កម្ពុជានិងអារ៉ាប៊ីសាអូឌីត តាមរយៈនៃការផ្លាស់ប្ដូរជាបន្តបន្ទាប់ នៃដំណើរទស្សនកិច្ច នៃថ្នាក់ដឹកនាំជាន់ខ្ពស់ រវាងកម្ពុជានិងអារ៉ាប៊ីសាអូឌីត។ បន្ថែមពីលើនោះ ក៏មានការផ្លាស់ប្ដូរនូវធុរជន របស់អារ៉ាប៊ីសាអូឌីត មកទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជាផងដែរ ដែលនេះជាផ្នែកមួយ ក្នុងការពង្រឹងបន្ថែមទៀត ទៅលើការវិនិយោគនៅក្នុងប្រទេសកម្ពុជា។
លោកបានលើកឡើងថាទំនាក់ទំនងរវាងកម្ពុជា និងអារ៉ាប់ប៊ីសាអូឌីត នៅមានសក្ដានុពលច្រើន ដែលប្រទេសទាំងពីរអាចធ្វើជាមួយគ្នា បានជាពិសេសគឺការពង្រឹងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ៕
