ព័ត៌មានជាតិ

សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការរក្សាសុវត្ថិភាពរបស់អ្នកជំងឺ មានភាពសំខាន់ និងចាំបាច់បំផុត

ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោកសាស្ត្រាចារ្យ ឈាង រ៉ា បានថ្លែងថា ការរក្សាសុវត្ថិភាពរបស់អ្នកជំងឺ មានភាពសំខាន់ និងចាំបាច់បំផុតដែលអ្នកផ្តល់សេវាសុខាភិបាលទាំងអស់ត្រូវយកចិត្តទុកដាក់”។

ក្នុងឱកាសដឹកនាំវគ្គភាពអ្នកដឹកនាំ និងនវានុវត្តន៍លើកទី១២៩ តាមប្រព័ន្ធវីដេអូសន្និសីទ(Zoom) សាស្ត្រាចារ្យ ឈាង រ៉ា បានរំលឹកពីស្ថានការណ៍ដែលត្រូវយកចិត្តទុកដាក់រួមមាន ៖ ទឹកជំនន់ដែលកំពុងហក់ឡើង ជំងឺគ្រុនឈាម ដែលមិនទាន់ថយចុះ និង ជំរុញឱ្យអ្នកផ្តល់សេវាសុខាភិបាលទាំងអស់ យកចិត្តទុកដាក់លើសុវត្ថិភាពរបស់អ្នកជំងឺតាមរយៈការផ្តល់ការជួយព្យាបាល ការបញ្ជូនឱ្យបានសមស្រប និងច្បាស់លាស់តាមជំនាញបច្ចេកទេស។

សាស្រ្តាចារ្យរដ្ឋមន្រ្តីបានបន្តផ្តល់បឋកថាលើប្រធានបទ ការទទួលយកនូវភាពមិនប្រាកដប្រជា ដែលជាផ្នែកមួយក្នុងដំណើរ នៃការផ្តល់សេវា និងត្រូវប្រើប្រាស់សមត្ថភាពក្នុងបំលែងភាពមិនច្បាស់លាស់ និងមន្ទិលសង្ស័យឱ្យក្លាយជាប្រភពថាមពលសម្រាប់សិក្សាស្រាវជ្រាវ រៀនសូត្រ ស្វែងរកដំណោះស្រាយដែលមានលក្ខណៈកាន់តែមានភាពប្រាកដប្រជា។

ជាមួយគ្នានេះ មណ្ឌលសុខភាពគោកចក ដែលស្ថិតនៅក្នុងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិសៀមរាប មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តសៀមរាប បានចែករំលែកវឌ្ឍនភាពរបស់មណ្ឌលសុខភាពក្នុងការបម្រើសេវាសុខាភិបាល និងបានក្លាយជាមណ្ឌលសុខភាពគំរូ នៅឆ្នាំ២០២៥។ បទបង្ហាញបានរំលេចពីកត្តាដែលនាំទៅរកភាពជោគជ័យរួមមាន ៖ ការតាំងចិត្ត ឆន្ទៈ និងការផ្តួចផ្តើមគំនិតរបស់ថ្នាក់ដឹកនាំ បុគ្គលិក និងអាជ្ញាធរមូលដ្ឋានក្នុងការផ្តល់សេវាដើម្បីកសាងទំនុកចិត្តរបស់ប្រជាពលរដ្ឋជាបណ្តើរៗ តាមរយៈការផ្តល់ការស្វាគមន៍យ៉ាងកក់ក្តៅ ផ្តល់ភាពរស់រាយរាក់ទាក់ ភាពស្អាត ដល់ប្រជាពលរដ្ឋដែលមកទទួលសេវានៅមណ្ឌលសុខភាព ៕

To Top