ទូតចិន នឹងបន្តធ្វើការជាមួយគ្រប់ភាគី ដើម្បីបង្កើតឱកាសបន្ថែមទៀតសម្រាប់យុវជនកម្ពុជាទៅសិក្សានៅចិន
ភ្នំពេញ ៖ ស្ថានទូតចិន ប្រចាំនៅកម្ពុជា នឹងបន្តធ្វើការជាមួយគ្រប់ភាគី ដើម្បីបង្កើតឱកាសបន្ថែមទៀត សម្រាប់យុវជនកម្ពុជាឆ្នើមៗទៅសិក្សានៅប្រទេសចិន។
តាមរយៈបណ្ដាញសង្គម នាថ្ងៃទី២៦ សីហា លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា ពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងដែលបានចូលរួមពិធីទទួលនិស្សិតកម្ពុជាទៅសិក្សានៅប្រទេសចិនឆ្នាំ ២០២៦។
លោក ទូត បន្ដថា ពីទន្លេមេគង្គរហូតដល់ទន្លេឆាងជាំង ពីប្រាសាទអង្គរវត្តរហូតដល់មហាកំពែង សិស្សានុសិស្សទាំងអស់គ្នានឹងចាប់ផ្តើមដំណើរថ្មីមួយក្នុងជីវិត។ សូមជូនពរអ្នកទាំងអស់គ្នាឲ្យទទួលបានចំណេះដឹង បង្កើនសមត្ថភាពអភិវឌ្ឍខ្លួនឯង ទទួលបានចំណងមិត្តភាពនៅលើទឹកដីប្រទេសចិន និងចូលរួមចំណែកដល់ការកសាង និងអភិវឌ្ឍន៍ជាតិក្នុងប្រទេសកម្ពុជាបន្ទាប់ពីអ្នកទាំងអស់គ្នាបញ្ចប់ការសិក្សាត្រឡប់មកកាន់មាតុភូមិវិញ។
លោក ទូត គូសបញ្ជាក់ថា «ស្ថានទូតចិនប្រចាំនៅកម្ពុជានឹងបន្តធ្វើការជាមួយគ្រប់ភាគីទាំងអស់ ដើម្បីបង្កើតឱកាសបន្ថែមទៀតសម្រាប់យុវជនកម្ពុជាឆ្នើមៗទៅសិក្សានៅប្រទេសចិន និងកសាងស្ពានតភ្ជាប់កាន់តែច្រើនសម្រាប់ប្រជាជនទាំងពីរប្រទេសក្នុងការស្វែងយល់ពីគ្នា និងមានភាពជិតស្និទ្ធជាមួយគ្នាទៅវិញទៅមក»។
សូមរំលឹកថា នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយស្ថានទូតចិន ប្រចាំកម្ពុជា បានរៀបចំពិធីទទួល និងអបអរសាទរនិស្សិតជ័យលាភីអាហារូបករណ៍កម្ពុជា ដែលត្រូវទៅបន្តការសិក្សានៅប្រទេសចិន សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា ក្រោមអធិបតីភាព លោក អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា៕



