Feature

សម្តេចតេជោ ៖ មនុស្សជាតិហាក់ដូចជាបរាជ័យក្នុងការរៀនសូត្រពីមេរៀនដ៏ឈឺចាប់

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានមានប្រសាសន៍ថា មនុស្សជាតិហាក់បីដូចជាបានបរាជ័យក្នុងការរៀនសូត្រពីមេរៀនដ៏ឈឺចាប់នៃប្រវត្តិសាស្រ្តនៃសង្គ្រាមកាលពីអតីតកាល។

ក្នុងពិធីបើកសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ សម្តេចតេជោ មានប្រសាសន៍ថា  អ្វីដែលធ្លាប់ជឿជាក់ជាសណ្តាប់ធ្នាប់អន្តរជាតិត្រូវបានគេជាន់ឈ្លីឱ្យក្លាយទៅជាឧបករណ៍នយោបាយដ៏សាមញ្ញមួយដែលត្រូវគេបង្វែរស្រេចតែចិត្ត ដើម្បីបម្រើផលប្រយោជន៍យុត្តិសាស្រ្តដែលកំពុងប្រែប្រួលរបស់មហាអំណាចធំៗ ប៉ុន្តែជាការគួរឱ្យសោកស្តាយមនុស្សជាតិហាក់បីដូចជាបានបរាជ័យ ក្នុងការរៀនសូត្រពីមេរៀនដ៏ឈឺចាប់នៃប្រវត្តិសាស្រ្ត ។

សម្តេចតេជោបន្តថា “បន្ទាប់ពីការបំផ្លិចបំផ្លាញដោយសង្គ្រាមលោកទាំងពីរលើក យើងបានតាក់តែងគោលការណ៍មនុស្សជាមួយចំនួនយ៉ាងច្បាស់លាស់រួចទៅហើយ ដើម្បីបង្ការកុំឱ្យយើងធ្លាក់ចូលទៅក្នុងជម្លោះសកលលើកទី៣ ប៉ុន្តែជាអកុសលពិភពលោកហាក់កំពុងតែភ្លេចមេរៀនដ៏ល្វីងជូរចត់ទាំងនេះ”។

ដើម្បីស្វែងយល់ឱ្យបានច្បាស់អំពីស្ថានភាពចលាចលជាប្រចាំ នៅក្នុងអភិបាលកិច្ចសកលសម្តេចតេជោ ហ៊ុន សែនមានប្រសាសន៍សង្កត់ធ្ងន់ថា ត្រូវពិនិត្យមើលឱ្យបានឌិតដល់នូវនិន្នាការជារចនាសម្ព័ន្ធធំៗចំនួន៣ ៖ ទី១-ការជះឥទ្ធិពលលើទិដ្ឋភាពអន្តរជាតិ គឺការសម្រួលជារចនាសម្ព័ន្ធនូវតុល្យភាពអំណាចជាប្រចាំដែលស្តែងឡើងតាមរយៈការប្រកួតប្រជែង ។ ការប៉ះទង្គិចរបស់ពួកគេបានបង្កើតឡើងនូវវិបត្តិជាប់ជាប្រចាំ និងភាពមិនរៀបរយនៃរចនាសម្ព័ន្ធ ។

ទី២- ការយកអ្វីៗគ្រប់យ៉ាងធ្វើជាអាវុធនាពេលបច្ចុប្បន្ននេះ អ្វីៗគ្រប់យ៉ាងចាប់ពីសេដ្ឋកិច្ច និងបច្ចេកវិទ្យា រហូតដល់ធនធានធម្មជាតិនិងខ្សែច្រវាក់ផ្គត់ផ្គង់ត្រូវបានបំប្លែងទៅជាឧបករណ៍ផ្ទាល់នៃការបង្ខិតបង្ខំនឹងការធ្វើសង្គ្រាម និងទី៣-ភាពស្រពេចស្រពិលនៃខ្សែខណ្ឌចែករវាងសង្គ្រាមនិងសន្តិភាព ។ ការណ៍នេះ ត្រូវបានស្តែងឡើងតាមរយៈការប្រើប្រាស់យុទ្ធវិធីប្រផេះដែលរុញច្រានស្ថានការណ៍ឱ្យដល់កម្រិតសង្គ្រាមយោធាបែបប្រពៃណី ប៉ុន្តែទន្ទឹមនេះ ជាលក្ខណៈរចនាសម្ព័ន្ធ គឺមិនបានផ្តល់សន្តិភាពពិតប្រាកដនោះទេ ៕

To Top