សម្តេចតេជោ៖ ឥណ្ឌូណេស៊ី ស្ម័គ្រចិត្តធ្វើជាប្រធានកិច្ចប្រជុំ ISC-3 ឆ្នាំ២០២៧
ភ្នំពេញ ៖ សម្តេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភាមានប្រសាសន៍ថា ប្រធានព្រឹទ្ធសភានៃប្រទេសឥណ្ឌូណេស៊ី បានចូលរួមស្ម័គ្រចិត្ត ធ្វើជាម្ចាស់ផ្ទះនៃការរៀបចំកិច្ចប្រជុំសន្និសីទប្រធានសភានៃអន្តរសភាលើកទី៣ (ISC-3) នៅឆ្នាំ២០២៧ខាងមុខ ។
ក្នុងពិធីបើកសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ សម្តេចតេជោ មានប្រសាសន៍ថា កិច្ចប្រជុំ ISC លើកទី១ ប្រទេសប៉ាគីស្ថានបានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីក្រុងអ៊ីស្លាម៉ាបាដ ។
សម្តេចតេជោបន្តថា “ខ្ញុំសូមជម្រាបអង្គប្រជុំថា នៅក្នុងជំនួបសម្តែងការគួរសម យើងក៏បានពិភាក្សាថា តើប្រទេសណានឹងក្លាយទៅជាអ្នករៀបចំនូវសន្និសីទISCលើកទី៣ ។ សូមជម្រាបថា សូមអរគុណចំពោះឯកឧត្តមប្រធានព្រឹទ្ធសភាឥណ្ឌូណេស៊ីដែលស្ម័គ្រចិត្តធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៧”។
សម្តេចតេជោមានប្រសាសន៍ទៀតថា សម្រាប់អាណត្តិរបស់សម្តេចនេះ ត្រូវបានសម្តេចតេជោអះអាងថា មានអាណត្តិរហូតដល់ឆ្នាំ២០៣០ ហើយនៅឆ្នាំក្រោយនេះ សម្តេចនឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំ ISCលើកទី៣នៅឥណ្ឌូណេស៊ី ។
សម្តេចតេជោមានប្រសាសន៍បន្តថា ដូច្នេះគួរតែប្រើប្រាស់សន្និសីទនេះ ដើម្បពង្រឹងឡើងវិញនូវការប្តេជ្ញាចិត្តចំពោះច្បាប់អន្តរជាតិ ។ ការរស់នៅជាមួយគ្នាដោយសន្តិវិធី ការគោរពគ្នាទៅវិញទៅមកនិងភាពរុងរឿងជាមួយគ្នា គឺជាការផ្តល់ទំនុកចិត្ត។ ក្នុងនោះត្រូវពង្រឹងការទូតសភាដើម្បីជាកំលាំងចលករដល់កិច្ចសន្ទនា ទំនុកចិត្ត និងសន្តិភាព ៕
