អ្នកនាំពាក្យ ៖ ព័ត៌មានពិត និងគ្រប់ជ្រុងជ្រោយ គឺជាវ៉ាកសាំងការពារស្នាដៃ និងសមិទ្ធផលរបស់រាជរដ្ឋាភិបាល
ភ្នំពេញ ៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា ព័ត៌មានពិត គ្រប់ជ្រុងជ្រោយ និងការផ្សព្វផ្សាយជាប្រចាំនិងដោយប្រសិទ្ធភាពគឺជាវ៉ាកសាំងការពារស្នាដៃនិងសមិទ្ធផលរបស់រាជរដ្ឋាភិបាល។

សមិទ្ធផលនេះកើតឡើងក្រោមស្នាដៃដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសស្នាដៃប្រកបដោយបញ្ញាញាណ និងការលះបង់ខ្ពស់របស់ថ្នាក់ដឹកនាំរាមច្បងបានសាងឡើង ហើយប្រជាពលរដ្ឋជាអ្នកទទួលផលជាពិសេសអ្នករស់នៅក្នុងរាជធានីភ្នំពេញ។

នេះជាការគូសបញ្ជាក់របស់លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងឱកាសអញ្ជើញជាវាគ្មិនក្នុងវគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារនាំពាក្យ និងព័ត៌មាន» នៅសាលារាជធានីភ្នំពេញ នារសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦។

អ្នកនាំពាក្យរាជរដ្ឋាភិបាល បន្តថា ដើម្បីរក្សាមោទនភាពនេះឱ្យស្ថិតនៅក្នុងសតិអារម្មណ៍របស់ប្រជាពលរដ្ឋខ្មែរគ្រប់ទិសទី ក៏ដូចជាការទាក់ទាញទេសចរ ការផ្សព្វផ្សាយព័ត៌មានគឺជាមធ្យោបាយមិនអាចខ្វះបាន។
ក្នុងន័យនេះ លោក ប៉ែន បូណា សង្កត់ធ្ងន់ថា «ព័ត៌មានពិត គ្រប់ជ្រុងជ្រោយ និងការផ្សព្វផ្សាយជាប្រចាំនិងដោយប្រសិទ្ធភាពគឺជាវ៉ាកសាំងការពារស្នាដៃនិងសមិទ្ធផលរបស់រាជរដ្ឋាភិបាល ក៏ដូចជារបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដោយមិនត្រូវបណ្តោយឱ្យព័ត៌មានប្រឌិត បំផ្លើសបំភ្លៃ មួលបង្កាច់ មកបំផ្លាញសមិទ្ធផល និងស្នាដៃរបស់រាជរដ្ឋាភិបាលបានឡើយ»។
សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ មានការអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាស្វាគមន៍ពីលោក ឆាយ វីរៈ អភិបាលរាជធានីភ្នំពេញ រួមជាមួយ ថ្នាក់ដឹកនាំ និងមន្ត្រីមកពីមន្ទីរ អង្គភាពពាក់ព័ន្ធ នៃរដ្ឋបាលរាជធានីភ្នំពេញ និងកងកម្លាំងនានា សរុបប្រមាណ ២៥០នាក់៕
