Feature

កម្ពុជានិងអូស្ត្រាលី លើកកម្ពស់ឱកាសវិនិយោគតាមរយៈ ក្របខ័ណ្ឌថ្មីអភិវឌ្ឍន៍សួនកសិ-ឧស្សាហកម្មនៅកម្ពុជា

ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជានៅថ្ងៃនេះ បានរៀបចំកម្មវិធីជួបជុំជាមួយនឹងវិនិយោគិន អាជីវកម្មកសិ-ចំណីអាហារ និងអ្នកអភិវឌ្ឍនានា ដើម្បីបង្ហាញពីឱកាសវិនិយោគក្រោមក្របខ័ណ្ឌថ្មីអភិវឌ្ឍន៍សួនកសិឧស្សាហកម្ម (AIP)នៅកម្ពុជា។

ក្របខ័ណ្ឌអភិវឌ្ឍន៍សួនកសិឧស្សាហកម្មនៅកម្ពុជា ត្រូវបានអនុម័តដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦។

ក្របខ័ណ្ឌនេះមានគោលបំណងពន្លឿនការអភិវឌ្ឍឧស្សាហូបនីយកម្មកសិឧស្សាហកម្ម តាមរយៈវិធីសាស្ត្រដែលដឹកនាំដោយវិស័យឯកជន និងគាំទ្រដោយរាជរដ្ឋាភិបាល ក្នុងន័យទាក់ទាញការវិនិយោគប្រកបដោយគុណភាព បង្កើតការងារ និងបង្កើនការកែច្នៃដែលមានតម្លៃបន្ថែម ព្រមទាំងពង្រឹងសមត្ថភាពប្រកួតប្រជែងក្នុងការនាំចេញ។

យោងតាមការសិក្សាមួយក្នុងឆ្នាំ២០២២ ដែលធ្វើឡើងដោយរដ្ឋាភិបាលអូស្ត្រាលីតាមរយៈកម្មវិធីភាពជាដៃគូកម្ពុជា អូស្ត្រាលី សម្រាប់ ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ បានបង្ហាញថាការបង្កើតសួនកសិឧស្សាហកម្ម (AIP)តែមួយ អាចរួមចំណែកដល់សេដ្ឋកិច្ចកម្ពុជារហូតដល់ ៥,១ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល២០ឆ្នាំ ព្រមទាំងអាចបង្កើតការងារជាង ១០០.០០០កន្លែង ដែលក្នុងនោះស្ត្រីអាចទទួលបានការងារជាង ៥៦.០០០កន្លែង និងជួយឱ្យប្រជាជនជាង ២០.០០០នាក់ អាចរួចផុតពីភាពក្រីក្រជារៀងរាល់ឆ្នាំ។

នៅក្នុងព្រឹត្តិការណ៍ដ៏វិសេសវិសាលក្រោមអធិបតីភាព លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃនេះ លោកឧបនាយករដ្ឋមន្ត្រីបានបង្ហាញអំពីទិដ្ឋភាពទូទៅនៃក្របខ័ណ្ឌអភិវឌ្ឍន៍សួនកសិឧស្សាហកម្ម ដោយ លោកបានរំលេចជូននូវគោលបំណងនៃគោលនយោបាយ, លក្ខខណ្ឌនានាសម្រាប់គម្រោងត្រូវបំពេញ ដើម្បីទទួលបានការគាំទ្រ និងកញ្ចប់លើកទឹកចិត្តបន្ថែមលើសពីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជាទូទៅ សម្រាប់គម្រោងវិនិយោគបង្កើតសួនកសិឧស្សាហកម្ម ដែលនឹងផ្តល់ការលើកទឹកចិត្ត និងវិធានការសម្របសម្រួលនានា សំដៅដើម្បីទាក់ទាញការវិនិយោគប្រកបដោយគុណភាព។

លោក ស៊ុន ចាន់ថុល បានបញ្ជាក់បន្ថែមថា៖ “រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាពង្រឹងសមត្ថភាពប្រកួតប្រជែង និងទាក់ទាញការវិនិយោគដែលគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន និងមានភាពធន់ ការបង្កើតការងារនិងការបង្កើនតម្លៃបន្ថែមក្នុងវិស័យកសិកម្ម។

ការបង្កើតក្របខ័ណ្ឌអភិវឌ្ឍន៍សួនកសិឧស្សាហកម្ម គឺជាការងារដ៏សំខាន់មួយ ដែលបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីធ្វើទំនើបកម្មសេដ្ឋកិច្ចកសិកម្ម ពង្រឹងខ្សែច្រវ៉ាក់ តម្លៃ និងបង្កើតបរិយាកាសអំណោយផលសម្រាប់ការវិនិយោគពីវិស័យឯកជន”។

សូមបញ្ជាក់ផងដែរថា ប្រទេសអូស្ត្រាលីបានគាំទ្រដល់ការរៀបចំក្របខ័ណ្ឌអភិវឌ្ឍន៍សួនកសិឧស្សាហកម្មនៅកម្ពុជា ចាប់តាំងពីឆ្នាំ២០២២មក ដោយធ្វើការយ៉ាងជិតស្និទ្ធជាមួយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងភាគីពាក់ព័ន្ធជាច្រើនមកពីស្ថាប័នរដ្ឋ និងវិស័យឯកជន។

នាឱកាសនោះផងដែរ លោក ដេរិក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា៖ “អូស្ត្រាលីមានសេចក្តីសោមនស្សក្នុងការសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីរៀបចំក្របខ័ណ្ឌអភិវឌ្ឍន៍សួនកសិឧស្សាហកម្មនៅកម្ពុជានេះឡើង។ សួនកសិឧស្សាហកម្ម នឹងទាក់ទាញការវិនិយោគប្រកបដោយការទទួលខុសត្រូវ ក៏ដូចជាលើកកម្ពស់ការតភ្ជាប់រវាងអ្នកផលិត និងអ្នកកែច្នៃ ដើម្បីជំរុញការផលិតកសិផលដែលមានតម្លៃខ្ពស់។

ខណៈដែលកម្ពុជាកំពុងប្រឈមនឹងបរិយាកាសទីផ្សារពិភពលោកដែលកាន់តែស្មុគស្មាញ ការពង្រឹងសមត្ថភាពកែច្នៃក្នុងស្រុក អាចជួយកសាងវិស័យកសិឧស្សាហកម្ម ដែលមានភាពប្រកួតប្រជែង និងភាពធន់កាន់តែប្រសើរ គាំទ្រដល់ជីវភាពរស់នៅរបស់ប្រជាជននៅតំបន់ជនបទ និងសន្តិសុខស្បៀង ព្រមទាំងបង្កើតឱកាសទីផ្សារថ្មីៗ”។

ចំពោះប្រទេសកម្ពុជា វិស័យកសិកម្មនៅតែជាកម្លាំងចលករសំខាន់មួយនៃសេដ្ឋកិច្ចកម្ពុជា។ ជាក់ស្តែង វិស័យនេះបានផ្តល់ការងារដល់ប្រជាជនច្រើនជាងមួយភាគបីនៃប្រជាជនសរុប និងបានបង្កើតប្រាក់ចំណូលពីការនាំចេញជាង៣ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេលប្រាំពីរខែដំបូងនៃឆ្នាំ២០២៦។ ឧស្សាហកម្មកែច្នៃកសិផល ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កំណត់ជាវិស័យអាទិភាពសម្រាប់ការវិនិយោគ ហើយក៏ជាសសរស្តម្ភដ៏សំខាន់មួយនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍របស់ប្រទេសអូស្ត្រាលីជាមួយកម្ពុជាផងដែរ៕

To Top