CMAC កម្ពុជា ធ្វើបច្ចុប្បន្នភាព សំណល់យុទ្ធភណ្ឌសង្គ្រាម របស់យោធាថៃ នៅលើទឹកដីកម្ពុជា ជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន
ភ្នំពេញ ៖ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ លោក ហេង រតនា អគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ធ្វើរបាយការណ៍ស្តីពី «បច្ចុប្បន្នភាព នៃស្ថានភាពសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់យោធាថៃនៅលើបូរណភាពទឹកដីកម្ពុជា ក្នុងសង្គ្រាមឆ្នាំ២០២៥» ជូនដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន និងសេនានុព័ន្ធយោធា ប្រចាំកម្ពុជា។

ក្នុងឱកាសនេះ មានការចូលរួមពីក្រុមអ្នកសង្កេតការណ៍អាស៊ាន សរុបចំនួន៣៧រូប ដឹកនាំ លោកវរនាវីឯក Commodore. Glenn Z. Dizon ប្រធានបេសកកម្ម ក្រុមអ្នកសង្កេតការណ៍អាស៊ាន ប្រចាំកម្ពុជា នៃសាធារណរដ្ឋហ្វីលីពីន និងក្រុមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា (Military Attaché Corps Phnom Penh) ចំនួន ១៦រូប មកពីសហរដ្ឋអាម៉េរិក ចិន បារាំង ឥណ្ឌា ជប៉ុន អូស្ត្រាលី រុស្ស៊ី សាធារណរដ្ឋកូរ៉េ និងបណ្តាប្រទេស សមាជិកអាស៊ាន ដឹកនាំដោយលោកវរសេនីយ៍ KYLE SALTZMAN អនុពន្ធ័យោធាសហរដ្ឋអាមេរិក និងជាប្រធានតំណាងក្រុមអនុពន័្ធយោធាប្រចាំកម្ពុជា។
កម្មវិធីនេះរៀបចំនិងដឹកនាំ ដោយ ឯកឧត្តមឧត្តមសេនីយ៍ឯក ផាត វិបុលសុភ័ក្រ្ក អគ្គនាយករង នៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជានាយក នាយកដ្ឋានទាក់ទងអន្តរជាតិ នៃក្រសួងការពារជាតិ ។

ក្នុងសង្គ្រាមថៃឈ្លានពានឆ្នាំ២០២៥ (២៤-២៨ កក្កដា និង ០៧-២៧ ធ្នូ ឆ្នាំ២០២៥) បានគំរាមកំហែងដោយផ្ទាល់ដល់ឃុំ/សង្កាត់ចំនួន៦០ ភូមិចំនួន៣៤៩ នៃខេត្តចំនួន៧ រួមមានខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ និងខេត្តកោះកុង ដោយបានប៉ះពាល់ ដល់ប្រជាពលរដ្ឋជាង ៦៤០.០០០នាក់ បានជម្លៀសទៅកាន់តំបន់សុវត្ថិភាព។

សូមបញ្ជាក់ថា អង្គភាពCMACបានបញ្ចប់ការស្រាវជ្រាវព័ត៌មាន ចំនួន៣៣៥ភូមិ ក្នុងចំណោម៣៤៩ភូមិ ដោយបានកំណត់តំបន់រងផលប៉ះពាល់ ដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាមថៃសរុបចំនួនជាង៣៨៦.៨៨០ហិកតា គ្របដណ្តប់លើ៥.៤០៩តំបន់ (Polygons) ក្នុងនោះផ្ទៃដីជាង ២៩៥.០៩៦ហិកតា រងការគំរាមកំហែងដោយសារគ្រាប់បែកចង្កោម។
សង្គ្រាមថៃឈ្លានពាននេះ បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ភូមិដ្ឋាន ផ្ទះសម្បែង សាលារៀន និងជាពិសេស រមណីយដ្ឋានប្រាសាទដែលក្រុមស្រាវជ្រាវព័ត៌មានបានប្រមូល និងកំណត់នូវសក្ខីកម្មជាក់ស្តែងបានចំនួនជាង១៦.០០០ សក្ខីកម្ម៕

