Feature

លោក ស សុខា បញ្ជាឱ្យចុះស្រាវជ្រាវ ករណីប៉ូលីសចរាចរណ៍ ទារលុយ៥០០ដុល្លារ ពីជនបរទេស

ភ្នំពេញ ៖ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានលើកឡើងថា លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចេញបទបញ្ជាឱ្យមន្រ្តីជំនាញ ចុះស្រាវជ្រាវ និងស៊ើបអង្កេតក្នុងករណីផ្សព្វផ្សាយថា ប៉ូលីសចរាចរណ៍ទារលុយ ពីជនបរទេស៥០០ដុល្លារ ដែលបានធ្វើដំណើរពីខេត្តកំពត មករាជធានីភ្នំពេញ ។

ការលើកឡើង របស់អ្នកនាំពាក្យរងបែបនេះ បន្ទាប់ពីមានបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុកបានផ្សាយថា មានជនបរទេសបុរស-នារី២នាក់ បានធ្វើដំណើរមកពីខេត្តកំពត ដើម្បីចូលរាជធានីភ្នំពេញ ប៉ុន្តែត្រូវបានប៉ូលីសចរាចរណ៍តម្រូវឱ្យបង់ប្រាក់ ចំនួន៥០០ដុល្លារ ទោះបីជាជនបរទេសទាំង២នាក់នេះ មានត្រឹម១៣៨ដុល្លារក្នុងប៉ុណ្ណោះ ក៏ត្រូវឱ្យបង់លុយដែរ បើទោះជាពួកគាត់ទាំង២នាក់យំសូមអង្វករក៏ដោយ ក៏មិនលើកលែងដែរ ។

លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានថ្លែងថា ចំពោះភាពមិនប្រក្រតីណាមួយ កើតឡើងពីមន្រ្តីនគរបាលចរាចរណ៍ នៅតាមគ្រប់គោលដៅនៅទូទាំងប្រទេស គឺមិនផុតពីក្រសែភ្នែករបស់លោក ស សុខា ឡើយ ។ ជាក់ស្តែង ករណីមានការផ្សព្វផ្សាយកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦នេះ ក្រោយទទួលបានព័ត៌មានប្រមុខមហាផ្ទៃ បានចេញបទបញ្ជាឱ្យមន្រ្តីជំនាញ ចុះស្រាវជ្រាវរកហេតុផលភ្លាមៗតែម្តង ។

អ្នកនាំពាក្យបញ្ជាក់ថា “ចំពោះការផ្សព្វផ្សាយថា ជនបរទេសរងការផាកពិន័យចរាចរណ៍ ដោយនគរបាលចរាចរណ៍ និងមន្រ្តីពាក់ព័ន្ធនៅក្នុងរាជធានីភ្នំពេញ ក្រសួងមហាផ្ទៃ បានដាក់ចេញនូវគោលការណ៍យ៉ាងម៉ឹងម៉ាត់ជាទីបំផុត ដែលអភិសន្តិបណ្ឌិត ស សុខា បានដាក់បទបញ្ជាឱ្យពិនិត្យ ស្រាវជ្រាវ ឱ្យបានឌិតដល់បំផុត ក្នុងក្របខណ្ឌដែលពាក់ព័ន្ធទៅនឹងមន្រ្តីនគរបាលចរាចរណ៍យើង ត្រូវតែយកបទពិន័យនគរបាលចរាចរមកអនុវត្ត ហើយនឹងអនុវត្តទៅតាមច្បាប់”។

លោកបណ្ឌិតបន្តថា បើសិនជាករណីនេះ មានការជាក់ពាក់ព័ន្ធជាមួយមន្រ្តីជាប់កិច្ចសន្យាដែលជួយការងារដល់មន្រ្តីចរាចរត្រូវតែបញ្ចប់ការងារ ហើយថែមទាំងពិនិត្យទៅលើទិដ្ឋភាពច្បាប់ថែមទៀតផង ។

លោកបណ្ឌិត ទូច សុឃៈសង្កត់ធ្ងន់ថា ជាធម្មតាការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នឹងត្រូវអនុវត្តតាមចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦។ ដូច្នេះរាល់ការផាកពិនិត្យផ្សេងៗ ខុសពីគោលការណ៍ និងលើសពីការកំណត់របស់ច្បាប់ គឺជាការល្មើសច្បាប់ ដែលត្រូវអនុវត្តទៅតាមវិន័យ របស់កងកម្លាំងនគរបាលជាតិ និងតាមច្បាប់ជាដាច់ខាត៕

To Top