Feature

កម្ពុជា-UNDP រួមគ្នាពង្រឹងភាពជាដៃគូ ដើម្បីការពារបរិស្ថាន និងធនធានធម្មជាតិនៅកម្ពុជា

ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានរៀបចំកិច្ចសន្ទនាភាពជាដៃគូរវាងក្រសួងបរិស្ថាន និងកម្មវិធីអភិវឌ្ឍនន៍សហប្រជាជាតិនៅកម្ពុជា (UNDP) នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ នាទីស្តីការក្រសួងបរិស្ថាន។ វេទិកានេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការអនុវត្តសសរស្តម្ភយុទ្ធសាស្ត្រការទូតបរិស្ថាន ដែលផ្តោតលើរបៀបវារៈសំខាន់ៗដែលស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និង យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន។

លោក Enrico Gaveglia នាយកប្រចាំប្រទេសនៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំកម្ពុជា បានសង្កត់ធ្ងន់លើសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការលើការការពារបរិស្ថាន ការអភិវឌ្ឍបៃតង និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។  លោកនាយកអង្គការ UNDP បានលើកឡើងបន្ថែមថា UNDP មានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការគាំទ្រកម្មវិធី និងការវិនិយោគ របស់កម្ពុជា ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាពបរិស្ថាន។

ក្នុងឱកាសនេះ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងអំណរគុណចំពោះការចូលរួមចំណែករបស់ UNDP ក្នុងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះ កិច្ចសន្ទនា នាថ្ងៃនេះ ដែលជាគំនិតផ្តួចផ្តើមដំបូងគេ ក្នុងការកសាងដៃគូដ៏រឹងមាំបន្ថែមទៀតរវាងក្រសួងបរិស្ថាន និង UNDP ក្នុងយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ យូរអង្វែង និងការពន្លឿនការផ្លាស់ប្តូរ ពីគោលនយោបាយ ទៅជាសកម្មភាពជាក់ស្តែង ដើម្បីចីរភាពបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍដោយចីរភាព។ 

លោក បានមានប្រសាសន៍ថា «យើងទាំងអស់គ្នា រួមគ្នាប្រែក្លាយការប្តេជ្ញាចិត្តបរិស្ថាន និងអាកាសធាតុរបស់កម្ពុជា ឱ្យទៅជាការវិនិយោគជាក់ស្តែង និងលទ្ធផលស្ថិតស្ថេរយូរអង្វែងសម្រាប់ប្រជាជន ធម្មជាតិ និងជំនាន់ក្រោយ»។

សូមបញ្ជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការដៃគូយុទ្ធសាស្ត្រនេះ ក្រសួងបរិស្ថាន និង UNDP កម្ពុជា បានរុញច្រានការអនុវត្តអាទិភាពបរិស្ថានជាតិសំខាន់ៗ ស្ថិតក្រោមយុទ្ធសាស្ត្របញ្ចកោណ – ដំណាក់កាលទី ១, យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨, ផែនការយុទ្ធសាស្ត្រឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុកម្ពុជាដំបូង (CCCSP 2014-2023) និងដំណាក់កាលទីពីរ (CCCSP 2024-2033), ព្រមទាំងការចូលរួមចំណែកផ្អែកលើការប្តេជ្ញាចិត្តរបស់ជាតិ ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុធ្វើបច្ចុប្បន្នភាព (NDC 2.0) និងលើកទីបី (NDC 3.0) របស់កម្ពុជា ដែលរួមចំណែកដល់ការលើកកម្ពស់ចីរភាពបរិស្ថាន ជីវភាពរស់នៅប្រកបដោយចីរភាព ភាពស៊ាំនឹងអាកាសធាតុ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចបរិយាបន្ន៕

To Top