រដ្ឋមន្ត្រីមហាផ្ទៃ ណែនាំនគរបាលខេត្តបាត់ដំបង ត្រូវប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈ
បាត់ដំបង ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំដល់មន្ដ្រីនគរបាលខេត្តបាត់ដំបងទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ក្នុងនាមជាមន្ត្រីអនុវត្តច្បាប់។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ១ខ្នង កម្ពស់៣ជាន់ មាន ១៦បន្ទប់ នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានមានប្រសាសន៍ថា អគារថ្មី នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ត្រូវតែជាទីកន្លែងដែលផ្តល់ភាពកក់ក្តៅ និងជាទីទំនុកចិត្តដល់ប្រជាពលរដ្ឋ ទាំងការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការផ្តល់សេវាសាធារណៈនានា ជូនប្រជាពលរដ្ឋឱ្យកាន់តែមានភាពរហ័សរហួន ប្រកបដោយតម្លាភាព និងគណនេយ្យភាព។

អគារនេះ ជាសមិទ្ធផលប្រវត្តិសាស្ត្រថ្មីបន្ថែមទៀត នៅក្នុងយុគសម័យសន្តិភាព និយាយជារួម និងនិយាយដោយឡែកក្នុងអាណត្តិ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។
លោកឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ទីកន្លែងធ្វើការសមរម្យ ត្រូវតែសមាមាត្រទៅនឹងស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការបម្រើប្រជាពលរដ្ឋ ទាំងការដោះស្រាយបញ្ហា និងការផ្តល់សេវាឱ្យបានឆាប់រហ័ស ទាន់ពេលវេលា និងប្រកបដោយទំនុកចិត្ត។

ប្រមុខក្រសួងមហាផ្ទៃ ក៏បានផ្តល់អនុសាសន៍ណែនាំដល់ថ្នាក់ដឹកនាំ មន្ត្រី និងកងកម្លាំងទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ក្នុងនាមជាមន្ត្រីអនុវត្តច្បាប់ ត្រូវពង្រឹងវិន័យ និងខិតខំដោះស្រាយទុក្ខលំបាកជូនប្រជាជនដោយសុចរិតភាព ជាពិសេស ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួនគ្រប់ពេលវេលា ព្រមទាំងធ្វើជាគំរូល្អដល់ប្រជាពលរដ្ឋ ព្រោះការគោរពច្បាប់ចរាចរណ៍មិនត្រឹមតែជាការការពារជីវិត និងសុវត្ថិភាពផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្ហាញពីសីលធម៌ និងការទទួលខុសត្រូវខ្ពស់ក្នុងសង្គម៕
