កិច្ចសន្ទនា កិច្ចសហប្រតិបត្តិការ និង វឌ្ឍនភាពរបស់ប្រទេស India
- ទំនាក់ទំនងរវៀង ឥណ្ឌា-ម៉ាឡេស៊ី ឈានចូលទំព័រប្រវត្តិសាស្ត្រថ្មី

ដំណើរបំពេញទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ទៅកាន់ប្រទេសម៉ាឡេស៊ី ដែលជាលើកទីមួយក្នុងរយៈពេលជិតមួយទសវត្សរ៍ បានគូសបញ្ជាក់ពីជំហានដ៏សំខាន់មួយក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។ ដំណើរបំពេញទស្សនកិច្ចចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៧ ខែកុម្ភៈ បានពង្រឹងកិច្ចសហប្រតិបត្តិការដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ (CSP) ដោយផ្អែកលើកិច្ចសហប្រតិបត្តិការលើច្រើនវិស័យ ដូចជា ពាណិជ្ជកម្ម បច្ចេកវិទ្យា ការពារជាតិ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។

លទ្ធផលសំខាន់ៗដែលទទួលបានពីដំណើរបំពេញទស្សនកិច្ចនេះ រួមមានការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាច្រើនលើវិស័យ Semiconductors សុខាភិបាល បច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) និង សន្តិសុខ ព្រមទាំងគំនិតផ្តួចផ្តើមផ្សេងៗដូចជា ប្រព័ន្ធទូទាត់ឌីជីថលឆ្លងដែន និង កិច្ចសហការផ្នែកអប់រំ និង ស្រាវជ្រាវ ។

ដំណើរបំពេញទស្សនកិច្ចនេះក៏បានពង្រឹងទំនាក់ទំនងផងដែរផ្នែក វប្បធម៌ និង សហគមន៍ប្រជាជនឥណ្ឌានៅបរទេស ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការតំបន់ក្រោមឆ័ត្រសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) និងចក្ខុវិស័យឥណ្ឌូ-ប៉ាស៊ីហ្វិកផងដែរ។
[រូបថត] នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានជួបពិភាក្សាជាមួយដៃគូភាគីម៉ាឡេស៊ី គឺលោក Dato’ Seri Anwar Ibrahim នៅទីក្រុងកួឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
- ឥណ្ឌាចូលរួមពិភាក្សាជាមួយថ្នាក់ដឹកនាំ G7
រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោកបណ្ឌិត S.Jaishankar និង រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានជួបគ្នានៅថ្ងៃទី ២៧ ខែមីនា នៅក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G7 នៅទីក្រុង Abbaye des Vaux-de-Cernay ជិតរដ្ឋធានីប៉ារីស ប្រទេសបារាំង។

លោកបណ្ឌិត Jaishankar បានផ្តោតសំខាន់លើកង្វល់របស់ឥណ្ឌា និងប្រទេសក្នុងតំបន់ Global South (ប្រទេសកំពុងអភិវឌ្ឍន៍) ពាក់ព័ន្ធនឹងការខ្វះខាតស្បៀងអាហារ ប្រេងឥន្ធនៈ និងជីកសិកម្ម ជាមួយសមភាគីមកពីបណ្តាប្រទេស G7 និងប្រទេសផ្សេងទៀត។ លើសពីនេះ លោកបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបង្កើតច្រករបៀងពាណិជ្ជកម្មដែលមានភាពធន់។
លោកបណ្ឌិត Jaishankar បានសរសេរលើបណ្តាញសង្គម X (អតីត Twitter) ថា៖ «ភាពមិនប្រាកដប្រជាដែលកើតចេញពីជម្លោះនៅអាស៊ីខាងលិច កាន់តែបង្ហាញឱ្យឃើញច្បាស់ពីតម្រូវការចាំបាច់ក្នុងការបង្កើតច្រករបៀងពាណិជ្ជកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ដែលមានភាពធន់ជាងមុន»។
[រូបថត] រដ្ឋមន្ត្រីការបរទេស លោកបណ្ឌិត S. Jaishankar (ឈរទីបីពីស្តាំ ក្នុងជួរមុខ) បានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G7 ជាមួយបណ្តាប្រទេសដៃគូនៅ Abbaye des Vaux-de-Cernay ប្រទេសបារាំង។
- ការកសាងទំនាក់ទំនងមិត្តភាពគ្រប់ប្រទេសទូទាំងទ្វីបអឺរ៉ុប
ដំណើរបំពេញទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោកបណ្ឌិត S. Jaishankar ទៅកាន់សាធារណរដ្ឋបារាំង និង រដ្ឋធានីលុចសំបួរ (Grand Duchy of Luxembourg) ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៩ ខែមករា បានផ្តោតលើការពង្រឹងទំនាក់ទំនងយុទ្ធសាស្ត្រ និងសេដ្ឋកិច្ចជាមួយអឺរ៉ុប។

លោកបណ្ឌិតបានជួបពិភាក្សាជាមួយប្រធានាធិបតីនៃសាធារណរដ្ឋបារាំង លោក Emmanuel Macron ដោយបានពិភាក្សាលើវិស័យនវានុវត្តន៍ (ការបង្កើតថ្មី) ការពារជាតិ បច្ចេកវិទ្យា និងបញ្ហាសកលផ្សេងៗទៀត។ នៅប្រទេសលុចសំបួរ ការពិភាក្សារួមមានការពង្រីកពាណិជ្ជកម្ម វិស័យហិរញ្ញវត្ថុ និង កិច្ចសហប្រតិបត្តិការឌីជីថល។ លោកបណ្ឌិត S.Jaishankar ក៏បានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស ឥណ្ឌា-Weimar លើកដំបូង ដែលមានការចូលរួមពី៖ រដ្ឋមន្ត្រីការបរទេសបារាំង អាល្លឺម៉ង់ និងប៉ូឡូញ។ សរុបមក ដំណើរបំពេញទស្សនកិច្ចនេះបានពង្រឹងកិច្ចសហប្រតិបត្តិការដៃគូឥណ្ឌា-អឺរ៉ុប និងបានរំលេចពីអាទិភាពរួមគ្នាក្នុងវិស័យនវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការសកល។

