រាជធានីភ្នំពេញ ទទួលពានរង្វាន់ប្រចាំឆ្នាំ២០២៦ ពី WHO លើកិច្ចខិតខំប្រឹងប្រែង ក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំប្រតិភូចូលរួម “សន្និសិទ្ធពិភពលោកលើកទី១១ របស់សម្ព័ន្ធភាព សម្រាប់សុខុមាលភាពទីក្រុង និងទទួលពានរង្វាន់ប្រចាំឆ្នាំ២០២៦ របស់អង្គការសុខភាពពិភពលោក លើកិច្ចខិតខំប្រឹងប្រែង ក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ តាមរយៈការអនុវត្តគម្រោង “ការដឹកជញ្ជូនមានសុវត្ថិភាព សកម្ម និងលើកកម្ពស់សុខភាព៖ ការជំរុញសុខភាព និងការកាត់បន្ថយវិសមភាពក្នុងការធើ្វដំណើរក្នុងទីក្រុង” (The 11th Global Conference of the Alliance for Healthy Cities and the 2026 WHO Healthy Cities Recognition Awards)។

ប្រាប់អ្នកសារព័ត៌មានពីទីក្រុងស៊ីដនី លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ឆ្នាំនេះរាជធានីភ្នំពេញ ពិតជាទទួលបានកិត្តិយសយ៉ាងធំធេង ដែលអង្គការសុខភាពពិភពលោក បានការធ្វើវាយតម្លៃ និងផ្តល់ជាពានរង្វាន់លើកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោក ឃួង ស្រេង ដែលតែងតែយកចិត្តទុកដាក់ខ្ពស់បំផុត លើការលើកកម្ពស់សុខុមាលភាព របស់ប្រជាជន តាមរយៈការកែលម្អ និងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តជាច្រើន ការពង្រឹងប្រព័ន្ធអប់រំ និងសុខាភិបាលនៅថ្នាក់មូលដ្ឋាន ការអភិវឌ្ឍប្រព័ន្ធចរាចរណ៍ និងដឹកជញ្ជូន តាមរយៈការរៀបចំឱ្យមានរថយន្តក្រុងសាធារណៈ និងការរៀបចំផែនការមេ សម្រាប់ការងារដឹកជញ្ជូន និងការកាត់បន្ថយជាអតិបរមា នូវអត្រាគ្រោះថ្នាក់ដែលបង្កឡើងដោយជំងឺមិនឆ្លង ដើម្បីឆ្លើយតបនឹងកំណើនប្រជាពលរដ្ឋ មធ្យោបាយធ្វើដំណើរ និងសំណង់នគររូបនីយកម្មយ៉ាងឆាប់រហ័ស នៅរាជធានីភ្នំពេញ។

លោកស្រីអ្នកនាំពាក្យបានឱ្យដឹងថា នេះមិនមែនជាការចៃដន្យទេ ដែលការខិតខំប្រឹងប្រែង របស់រដ្ឋបាលរាជធានីភ្នំពេញ ត្រូវបានអង្គការពិភពលោក ទទួលស្គាល់ និងផ្តល់នូវពានរង្វាន់នាពេលនេះ។ ក្រោមការសហការយ៉ាងជិតស្និទ្ធ ជាមួយនឹងបណ្តាញភាពជាដៃគូសម្រាប់សុខុមាលភាពទីក្រុង (PHC) ចាប់ពីឆ្នាំ២០១៧ រហូតមកដល់សព្វថ្ងៃ រដ្ឋបាលរាជធានីភ្នំពេញ បានសហការអនុវត្តនូវគម្រោងធំៗមួយចំនួន ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាពលរដ្ឋ តាមរយៈការកាត់បន្ថយនូវអត្រាគ្រោះថ្នាក់ដោយជម្ងឺមិនឆ្លង ដោយក្នុងនោះរួមមាន៖ គម្រោងលើកកម្ពស់ សុខុមាលភាព និងសុវត្ថិភាពចំណីអាហារ នៅតាមគ្រឹះស្ថានសិក្សា, គម្រោងកាត់បន្ថយគ្រោះថ្នាក់ ដែលបង្កឡើងដោយការបើកបរ ក្នុងស្ថានភាពស្រវឹង និងគម្រោងគ្មានការបង្ហុយផ្សែងបារី នៅតំបន់ទេសចរណ៍ ផ្លូវថ្មើរជើងចតុមុខជាដើម។ល។

គម្រោងខាងលើទាំងនេះ ពិតជាបានរួមចំណែកយ៉ាងមានប្រសិទ្ធភាព ក្នុងការផ្តួចផ្តើមការកែប្រែទម្លាប់រស់នៅ របស់ប្រជាពលរដ្ឋ ការកែលម្អបរិយាកាសសង្គម និងការកាត់បន្ថយនូវហានិភ័យនានា ដែលបង្កឡើងដោយជម្ងឺមិនឆ្លង ដែលបានឆ្លើយតបយ៉ាងមានប្រសិទ្ធភាព ទៅនឹងការងារគាំពារសុខភាព និងសុខុមាលភាពប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។

លោកស្រី បានឱ្យដឹងទៀតថា កាលពីឆ្នាំ២០២៥ កន្លងទៅ រដ្ឋបាលរាជធានីភ្នំពេញ បានចាប់ផ្តើមដាក់ចេញ និងអនុវត្តសាកល្បងនូវគម្រោង “រៀបចំនូវហេដ្ឋារចនាសម្ព័ន្ធ និងបរិក្ខាគាំទ្រ ដើម្បីលើកកម្ពស់សុវត្ថិភាព ធ្វើដំណើររបស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន” ដោយបានជ្រើសរើសយក តំបន់សាលារៀនចំនួន ២ គឺ សាលារៀនមិត្តភាពកម្ពុជា-វៀតណាម និងសាលាបឋម-វិទ្យាល័យហ៊ុនសែនចាក់អង្រែ ដែលជាច្រកចេញ-ចូលរាជធានីភ្នំពេញ មានស្ថានភាពចរាចរណ៍មមាញឹក និងងាយបង្កជាហានិភ័យដល់ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅតំបន់នោះ។

នៅក្នុងការអនុវត្តគម្រោងខាងលើ រដ្ឋបាលរាជធានីភ្នំពេញ បានផ្តោតនូវការអនុវត្ត នូវវិធានការធំៗចំនួន ៣ គឺ៖ (១) ការបណ្តុះបណ្តាល និងផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ផ្លូវគោក ដល់សិស្សានុសសិ្ស និងប្រជាពលរដ្ឋគោលដៅ, (២) ការកែលម្អនូវហេដ្ឋារចនាសម្ព័ន្ធ និងការបំពាក់នូវបរិក្ខាគាំទ្រទំនើប រួមមាន៖ តម្លើងស្លាកសញ្ញា និងគំនូសចរាចរណ៍ ផ្ទាំងកំណត់ល្បឿនឆ្លាតវៃ ព្រមទាំងបំពាក់ប្រព័ ន្ធកាម៉េរ៉ាសុវត្ថិភាពជាដើម។ល។ (៣) ការពង្រឹងវិធានការតាមដាន ព្រមទាំងបន្តអនុវត្តនូវវិធានការ ដែលមានស្រាប់គឺ ការពង្រាយកម្លាំងសមត្ថកិច្ច និងភ្នាក់ងារចរាចរណ៍នៅតា មសាលារៀន ដើម្បីជួយសម្រួលចរាចរណ៍ នៅក្នុងកំឡុងពេលម៉ោងសិស្សចូល និងចេញពីរៀន ដែលបានបញ្ចៀសនូវហានិភ័យបានយ៉ាងល្អប្រសើរ។ តាមរយៈកិច្ចការដែលបានអនុវត្តទាំងអស់នេះ ទើបរាជធានីភ្នំពេញ ត្រូវបានជាប់ក្នុងបញ្ជីនៃការប្រគល់ជូន នូវពានរង្វាន់ប្រចាំឆ្នាំ២០២៦ នៃអង្គការសុខភាពពិភពលោកនាពេលនេះ។
សូមបញ្ជាក់ថា មានទីក្រុងជាង ១៥០ទីក្រុង មកពីតំបន់អាស៊ីប៉ាស៊ីហ្វិក បានដាក់ពាក្យដើម្បីទទួលបាន ការវាយតម្លៃ និងជ្រើសរើសប្រគល់ពានរង្វាន់នេះ ហើយទីក្រុងដែលជាប់មាន ចំនួន ៨ រាប់ទាំងរាជធានីភ្នំពេញ ផងដែរ៕
