បងប្អូនកម្មករនៃរោងចក្ររ៉ាយលីង បានទទួលយកដំណោះស្រាយប្រកបដោយការយកចិត្តទុកដាក់ និងរហ័សរបស់ក្រសួងការងារ និងចូលធ្វើការវិញភ្លាមៗនៅថ្ងៃទី២នេះ
ភ្នំពេញ៖ បងប្អូនកម្មករនិយោជិតនៃរោងចក្ររ៉ាយលីង នៅស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានវិលចូលបំពេញការងារតាមផ្នែករៀងៗខ្លួនវិញនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ បន្ទាប់ពីភាគីកម្មករនិយោជិត និងនិយោជក ឈានដល់ការឯកភាពលើដំណោះស្រាយចំនួន១៨ចំណុច។ ជាដំណោះស្រាយដែលសម្រេចបាន ក្រោយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះសម្របសម្រួលដោយផ្ទាល់ និងស្តាប់ពីកង្វល់របស់ភាគីទាំងពីរ។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា គោលដៅសំខាន់របស់ក្រសួង គឺធ្វើឱ្យភាគីទាំងពីរអាចស្វែងរកចំណុចរួម និងដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមបទប្បញ្ញត្តិច្បាប់ និងដោយគោរពសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់គ្រប់ភាគី។

លោកបានបញ្ជាក់ថា៖ «អ្វីដែលសំខាន់គឺយើងបានស្តាប់ទាំងកង្វល់របស់បងប្អូនកម្មករនិយោជិត និងការពន្យល់របស់និយោជក ហើយបានជួយឱ្យភាគីទាំងពីរពិភាក្សាគ្នាដោយផ្អែកលើច្បាប់ដែលនៅទីបំផុត ភាគីទាំងពីរបានឯកភាពលើដំណោះស្រាយ និងបងប្អូនកម្មករបានវិលចូលធ្វើការវិញ»។

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចាត់ទុកការឈានដល់ការឯកភាពនេះថា ជាលទ្ធផលវិជ្ជមានមួយដែលបានជួយរក្សាទាំងសិទ្ធិ និងផលប្រយោជន៍របស់កម្មករនិយោជិត ក៏ដូចជានិរន្តរភាពនៃសកម្មភាពផលិតកម្ម និងការងាររបស់ក្រុមហ៊ុន។
ទន្ទឹមនឹងនេះ ក្រសួងបានអំពាវនាវឱ្យភាគីទាំងពីរបន្តគោរព និងអនុវត្តតាមស្មារតីនៃកិច្ចព្រមព្រៀងដែលបានឯកភាពគ្នា ពង្រឹងការសន្ទនា និងសហការគ្នាដោះស្រាយបញ្ហាណាមួយដែលអាចកើតមាន តាមយន្តការច្បាប់ ដើម្បីរក្សាបរិយាកាសការងារប្រកបដោយសុខដុមរមនា និងផលប្រយោជន៍រួម៕
