រដ្ឋមន្ត្រីសុខាភិបាល ៖ ការស្រាវជ្រាវ និងវិភាគទិន្នន័យ ជាគន្លឹះជួយឱ្យមន្ទីរពេទ្យ កាន់តែរីកចម្រើន
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា ការស្រាវជ្រាវ និងការវិភាគទិន្នន័យ គឺជាគន្លឹះជួយឱ្យមន្ទីរពេទ្យកាន់តែរីកចម្រើន និងអភិវឌ្ឍន៍ ប្រកបដោយប្រសិទ្ធភាព ។

ដោយមិនជូនដំណឹងជាមុន ក្នុងឱកាសចុះពិនិត្យការបម្រើ សេវាសុខាភិបាលនៅមន្ទីរពេទ្យព្រះអង្គឌួង សាស្ត្រាចារ្យឈាង រ៉ា បានសង្កេតមើលដោយផ្ទាល់ អំពីដំណើរការប្រចាំថ្ងៃ គុណភាព នៃការផ្តល់សេវា ការថែទាំអ្នកជំងឺ និងបានស្តាប់ ពីស្ថានភាពជាក់ស្តែង របស់បុគ្គលិកសុខាភិបាល និងអ្នកជំងឺ។

សាស្ត្រាចារ្យ ក៏បានចូលរួមយោបល់ ក្នុងវគ្គបណ្តុះបណ្តាល និងគូសបញ្ជាក់ពីសារៈសំខាន់ នៃការសិក្សា អំពីវិធីសាស្ត្រស្រាវជ្រាវ និងការវិភាគទិន្នន័យ ដែលនឹងជួយឱ្យមន្ទីរពេទ្យស្វែងរកចំណុចខ្វះខាត កែលម្អគុណភាពព្យាបាល ធ្វើការសម្រេចចិត្តផ្អែកលើភស្តុតាង និងកំណត់ទិសដៅអភិវឌ្ឍន៍ ឱ្យកាន់តែច្បាស់លាស់។

ក្នុងឱកាសនោះដែរ សាស្ត្រាចារ្យបានកោតសរសើរ ដល់ថ្នាក់ដឹកនាំ និងបុគ្គលិកមន្ទីរពេទ្យ ដែលទោះបីមានអ្នកជំងឺ មកទទួលសេវាច្រើន ក៏នៅតែខិតខំរៀបចំការផ្តល់សេវា ប្រកបដោយភាពសមរម្យ កាត់បន្ថយពេលវេលារង់ចាំ និងបង្ហាញពីស្មារតីទទួលខុសត្រូវ និងឆន្ទៈក្នុងការបន្តអភិវឌ្ឍន៍៕









