រដ្ឋមន្រ្តីមហាផ្ទៃ ៖ ប្រាក់លើកទឹកចិត្ត សមត្ថកិច្ចចាប់គ្រឿងញៀន១គីឡូ នៅសល់១០លានរៀល
ភ្នំពេញ ៖ លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងថា បច្ចុប្បន្នប្រាក់រង្វាន់លើកទឹកចិត្ត ដល់សមត្ថកិច្ចបង្ក្រាបគ្រឿងញៀន បាននៅត្រឹមតែចំនួន១០លានរៀលទេ ។
ក្នុងពិធីបិទសន្និបាត បូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបានថ្លែងថា កាលពីមុនថ្នាក់ដឹកនាំកម្ពុជាបានប្រកាសផ្តល់រង្វាន់លើកទឹកចិត្តដល់សមត្ថកិច្ចជំនាញក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀនមួយគីឡូក្រាមផ្តល់១ម៉ឺនដុល្លារ ប៉ុន្តែឥឡូវនេះ ១គីឡូនៅសល់ត្រឹមតែ១០លានរៀលប៉ុណ្ណោះ ។

លោកបញ្ជាក់ថា “ឥឡូវនេះ ប្រាក់ឧបត្ថម្ភលើកទឹកចិត្តមានពីមុន ការជំនាន់មុនសម្ដេចក្រឡាហោម និងសម្ដេចអតីតនាយករដ្ឋមន្ត្រី ក្នុងការលើកទឹកចិត្តនេះឱ្យមួយគីឡូ១ម៉ឺនដុល្លារ ។ ប៉ុន្តែឥឡូវចាប់ម្ដងៗ ចង់ត្រូវមិនដឹងថា ចែកជាលុយមួយគីឡូ១ ម៉ឺនដុល្លារ មិនដឹងរកលុយណាឱ្យ។ ឥឡូវមានការឯកភាពពីសម្ដេចហើយ គឺថាមួយគីឡូដូចសល់១០លានរៀល ធ្លាក់ពី ១ម៉ឺនដុល្លារ មក១០លានរៀល” ។
រដ្ឋមន្រ្តីមហាផ្ទៃបន្ថែមថា បច្ចុប្បន្នការបង្ក្រាបបទល្មើសគ្រឿងញៀនមិនមែនត្រឹមតែមួយគីឡូក្រាមនោះទេ គឺមានរហូតទៅដល់ជិត១តោនឯណោះ ។ ដូច្នេះបើគិតជាទឹកមានចំនួនច្រើន ហើយក៏ពិបាកក្នុងការរកលុយមកលើកទឹកចិត្តដល់សមត្ថកិច្ចដែរ ។ ហេតុនេះទឹកប្រាក់លើកទឹកចិត្តធ្លាក់នៅត្រឹម១០លានរៀលទេ ៕
