លោក ឆាយ ឫទ្ធិសែន អញ្ជើញបិទវគ្គបណ្តុះបណ្តាល ស្តីពី អរិយមគ្គប្រកបដោយអង្គ៨ នៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពី អរិយមគ្គប្រកបដោយអង្គ៨ នៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ។

ជាកិច្ចចាប់ផ្ដើម លោក ទូច ស៊ីផាត អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន បានឡើងធ្វើរបាយការណ៍បូកសរុបលទ្ធផលវគ្គបណ្តុះបណ្តាល ដោយបានបង្ហាញថាវគ្គបណ្តុះបណ្តាលស្តីពី “អរិយមគ្គប្រកបដោយអង្គ ៨” មានសិក្ខាកាមដែលជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងអភិវឌ្ឍន៍ជនបទ ចូលរួមសរុបចំនួន ៧០រូប ស្រី ១០រូប ដោយបានសិក្សារៀងរាល់ថ្ងៃព្រហស្បតិ៍ រយៈពេល ២ម៉ោង តាមប្រព័ន្ធនិមិត្ត (Zoom) ក្នុងរយៈពេល ៨សប្ដាហ៍ ចាប់ពីថ្ងៃទី២៣ ខែកក្កដា ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦។

ជាមួយគ្នានោះដែរ លោក ឃួច លីននី អគ្គនាយករងបច្ចេកទេស និងជាតំណាងសិក្ខាកាម បានឡើងថ្លែងចំណាប់អារម្មណ៍ ដោយបានគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ ពិតជាបានផ្ដល់នូវចំណេះដឹងដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ក្នុងការដាស់សតិ អារម្មណ៍ និងតម្រង់ទិស ដល់សិក្ខាកាមទាំងអស់គ្នាឱ្យក្លាយជាមន្ត្រីដែលប្រកបដោយគុណធម៌ សុចរិតភាព និងមនសិការវិជ្ជាជីវៈខ្ពស់។

បន្ទាប់ពីបានស្ដាប់របាយការណ៍ និងចំណាប់អារម្មណ៍រួចមក លោក ឆាយ ឫទ្ធិសែន បានថ្លែងនូវការកោតសរសើរ និងអរគុណ ចំពោះ មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អៀង សុធារ៉ា ទីប្រឹក្សាគណៈសង្ឃនាយកគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា និងជាបរិនាយកសាលាអាជីវកម្មសម្មាមគ្គ ដែលបានចំណាយពេលវេលា និងបញ្ញាញាណ ក្នុងការធ្វើជាគ្រូឧទ្ទេសផ្ទាល់ ចែករំលែកនូវពុទ្ធិ គុណធម៌ និងទស្សនវិជ្ជាព្រះពុទ្ធសាសនា ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងអភិវឌ្ឍន៍ជនបទ។

លោករដ្ឋមន្ដ្រី បានថ្លែងបញ្ជាក់ថា ការអភិវឌ្ឍមូលធនមនុស្ស គឺជាសសរស្ដម្ភដ៏សំខាន់មួយ ក្នុងចំណោមសសរស្ដម្ភទាំង៥ នៃ “យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១” របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។

អនុលោមតាម ក្របខណ្ឌយុទ្ធសាស្ដ្រនេះ ក្រសួងអភិវឌ្ឍន៍ជនបទ មិនត្រឹមតែត្រូវការមន្ត្រី ដែលមានសមត្ថភាពនិងចំណេះជំនាញបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែចាំបាច់បំផុត ត្រូវមានមន្ត្រីរាជការដែលមានទាំងសមត្ថភាព គុណធម៌ សីលធម៌ និងស្មារតីទទួលខុសត្រូវខ្ពស់។ ក្នុងន័យនេះ វគ្គបណ្តុះបណ្តាលដែលបានបញ្ចប់ដោយជោគជ័យនេះ ពិតជាបានឆ្លើយតបចំទិសដៅដែលក្រសួងត្រូវការ ដោយបានបញ្ចូលនូវ ការអប់រំចិត្ត តាមបែបទស្សនវិជ្ជា ព្រះពុទ្ធសាសនា ទៅក្នុងការកសាងបុគ្គលិកលក្ខណៈ និងវប្បធម៌ការងាររបស់ មន្ត្រីរាជការរបស់ក្រសួងអភិវឌ្ឍន៍ជនបទ។
ក្នុងឱកាសនោះដែរ លោករដ្ឋមន្ដ្រី បានផ្ដល់នូវអនុសាសន៍ជូនដល់អង្គពិធី ឱ្យយកពុទ្ធិដែលទទួលបានពីវគ្គបណ្ដុះបណ្ដាលនេះ ទៅអនុវត្តជាក់ស្តែងក្នុងជីវិតនិងការងារឱ្យបានខ្ជាប់ខ្ជួន ដើម្បីទទួលបានមានតម្លៃពេញលេញ ព្រមទាំងដើម្បីពង្រឹងបន្ថែមនូវ “ភាពជាអ្នកដឹកនាំ គុណធម៌ សីលធម៌ និងសាមគ្គីភាព” នៅក្នុងអង្គភាពនីមួយៗនៃក្រសួងអភិវឌ្ឍន៍ជនបទ។
ជាកិច្ចបញ្ចប់ លោករដ្ឋមន្រ្តី បានអញ្ជើញផ្ដល់កិត្តិយសប្រគល់លិខិតថ្លែងអំណរគុណដល់គ្រូឧទ្ទេស និងប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាដល់សិក្ខាកាម ក្រោមបរិយាកាសរីករាយនិងស្និទ្ធស្នាលយ៉ាងក្រៃលែង៕
