យូនីសេហ្វ៖ ស្លាកស្នាម ពីជម្លោះព្រំដែននាពេលថ្មីៗនេះ នៅតែបន្សល់ទុកទិដ្ឋភាព សង្វេគនៅឡើយ
ភ្នំពេញ៖ អង្គការ យូនីសេហ្វប្រចាំកម្ពុជា (UNICEF Cambodia) បានលើកឡើងថា ស្លាកស្នាម ពីជម្លោះព្រំដែននាពេលថ្មីៗនេះ នៅតែបន្សល់ទុកទិដ្ឋភាព សង្វេគនៅឡើយ។ នៅខេត្តឧត្តរមានជ័យ អគារសិក្សាដែលរងការខូចខាតដោយសារគ្រាប់ផ្ទុះ គឺជាភស្តុតាងដែលបង្ហាញថា ជម្លោះកន្លងមកនេះបាន ប៉ះពាល់ដល់សុវត្ថិភាព ការសិក្សា និងសុខភាព ផ្លូវចិត្តរបស់កុមារ។

យូនីសេហ្វ បានឱ្យដឹងទៀតថា ក្នុងសប្តាហ៍នេះ លោកស្រីដាម៉ាច ម៉ាហា ដែលជានាយិកាថ្មីនៃយូនីសេហ្វប្រចាំកម្ពុជា បានដឹកនាំក្រុមការងារចុះបេសកកម្មផ្ទាល់ នៅខេត្តចំនួន៣ រួមមានខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងព្រះវិហារ ដើម្បីពិនិត្យមើលវឌ្ឍនភាព នៃកម្មវិធីគាំទ្រនានា របស់យូនីសេហ្វ ក្នុងការជួយគាំទ្រ ស្តារជីវភាពឡើងវិញ និងពង្រឹងភាពធន់ដល់កុមារ និងក្រុមគ្រួសាររងគ្រោះ។

ក្នុងនោះផងដែរ យូនីសេហ្វបានគាំទ្រក្នុងការបង្កើត «ថ្នាក់រៀនឌីជីថល» (Digital Classroom) ដើម្បីឲ្យជួយកុមារបានបំប៉ន និងបន្តនូវមេរៀនដែលបានខកខានកន្លងមក។ ជាមួយគ្នានេះដែរ យូនីសេហ្វ ក៏បានជួយសម្រួលដល់គ្រួសារងាយរងគ្រោះ ឱ្យទទួលបាននូវសេវាថែទាំ សុខភាពចាំបាច់ អាហាររូបត្ថម្ភ ការគាំទ្រសុខភាពផ្លូវចិត្ត ទឹកស្អាត អនាម័យ និងប្រព័ន្ធគាំពារសង្គម។

យូនីសេហ្វបន្ថែមថា យើងនៅតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការធ្វើការជាមួយដៃគូពាក់ព័ន្ធ ដើម្បីធានាថាកុមាររងគ្រោះដោយសារជម្លោះ អាចទទួលបានការស្តារស្មារតីឡើងវិញ បន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹមសម្រាប់អនាគត។ ការគាំទ្រទាំងនេះ អាចសម្រេចទៅបាន គឺដោយសារមានកិច្ចសហការយ៉ាងជិតស្និទ្ធ ពីដៃគូគាំទ្រនានា រួមមានសាធារណរដ្ឋកូរ៉េ 주캄보디아대사관(Korean Embassy in Cambodia) 대한민국 외교부 សហរដ្ឋអាមេរិក U.S. Embassy Phnom Penh, Cambodia ប្រទេសអូស្រ្តាលីតាមរយៈក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី (Australian Government Department of Foreign Affairs and Trade) និងក្រុមហ៊ុន Smart Axiata។ សូមអរគុណផងដែរ ដល់រដ្ឋបាលខេត្តឧត្តរមានជ័យ រដ្ឋបាលខេត្តបន្ទាយមានជ័យ និងរដ្ឋបាលខេត្តព្រះវិហារ សម្រាប់កិច្ចសហការកន្លងមកនេះ៕
