Feature

ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា៖ កម្ពុជាត្រូវបន្តពង្រឹងលើជំនាញ ផលិតភាព និងតម្លៃបន្ថែមខ្ពស់ដើម្បីបន្តទាក់ទាញវិនិយោគិន និងលើកកម្ពស់ជីវភាពពលរដ្ឋបន្ថែម

ភ្នំពេញ៖លោក​ សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជាត្រូវពង្រឹងការផ្លាស់ប្តូរពីការពឹងផ្អែកលើអត្ថប្រយោជន៍នៃកម្លាំងពលកម្មវ័យក្មេង សម្បូរបែប និងមានថ្លៃសមរម្យ ទៅរកការប្រកួតប្រជែងផ្អែកលើ ជំនាញខ្ពស់ ផលិតភាពខ្ពស់ និងតម្លៃបន្ថែមខ្ពស់ដើម្បីពង្រឹងការទាក់ទាញការវិនិយោគដែលមានគុណភាព បង្កើតការងារល្អ និងលើកកម្ពស់ប្រាក់ចំណូលរបស់ប្រជាពលរដ្ឋបន្ថែមទៀត។

នេះជាការគូសបញ្ជាក់ដែលលោកឧបនាយករដ្ឋមន្ត្រី បានធ្វើឡើងក្នុងពិធីបើក ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ លើកទី១៦ ឆ្នាំ២០២៦ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្រោមប្រធានបទ «ជំនាញ និងការងារ៖ ផលិតភាពការងារដើម្បីកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព»។

លោកឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា អត្ថប្រយោជន៍ដែលធ្លាប់ជួយទាក់ទាញវិនិយោគិនមកកម្ពុជាកន្លងមក មិនប្រាកដថានឹងគ្រប់គ្រាន់សម្រាប់រក្សាការវិនិយោគនៅថ្ងៃអនាគតទៀតនោះទេ ខណៈបច្ចេកវិទ្យា រចនាសម្ព័ន្ធផលិតកម្ម និងការប្រកួតប្រជែងរវាងប្រទេសនានាកំពុងផ្លាស់ប្តូរ និងប្រកួតប្រជែងគ្នាយ៉ាងលឿន។

លោកឧបនាយករដ្ឋមន្ត្រី បានរំលឹកថា៖ «អស់រយៈពេលជាច្រើនឆ្នាំ កម្ពុជាបានមានឧត្តមភាពប្រកួតប្រជែងដ៏ខ្លាំងមួយក្នុងការទាក់ទាញវិនិយោគ គឺកម្លាំងពលកម្មសម្បូរបែប វ័យក្មេង និងដែលមានតម្លៃសមរម្យ។… ក្នុងបរិបទនេះ ប្រាក់ឈ្នួលដែលមានតម្លៃសមរម្យនឹងបាត់បង់ភាពទាក់ទាញ។ ក្នុងបរិការណ៍នៃភាពប្រកួតប្រជែងតានតឹង ផលិតភាពជាកត្តាចម្បង។ ផលិតភាពមិនមែនមានន័យថា ធ្វើការច្រើនជាមុននោះទេ ផលិតភាពមានន័យថា ធ្វើការឱ្យបានល្អជាងមុនតាមរយៈជំនាញកាន់តែខ្ពស់ បច្ចេកទេសកាន់តែទំនើប និងការគ្រប់គ្រងកាន់តែមានប្រសិទ្ធភាព។ នេះហើយជាមូលហេតុដែលការអភិវឌ្ឍជំនាញលែងគ្រាន់តែជាគោលនយោបាយសង្គមមួយទេ ប៉ុន្តែជាគោលនយោបាយសេដ្ឋកិច្ច ហើយនៅទីបំផុតគឺជាគោលនយោបាយសម្រាប់កំណើនប្រកបដោយចីរភាព»។

លោកបានពន្យល់ថា កម្មករនិយោជិតប្រមាណ ៨% មានជំនាញលើសតម្រូវការ ខណៈ ៦% មានជំនាញមិនគ្រប់គ្រាន់ ហើយជាមួយគ្នានេះ ២៩% មានគុណវុឌ្ឍិលើសតម្រូវការ និង ២២% មានគុណវុឌ្ឍិទាបជាងតម្រូវការការងារ ខណៈសហគ្រាសប្រមាណ ២២.៧% បានរាយការណ៍ថា មានការលំបាកក្នុងការស្វែងរកកម្លាំងពលកម្មដែលមានជំនាញសមស្រប។

ដើម្បីឆ្លើយតបនឹងបញ្ហានេះ រាជរដ្ឋាភិបាល បានកំណត់ ការអភិវឌ្ឍមូលធនមនុស្ស និងការលើកកម្ពស់ ផលិតភាពការងារ ជាអាទិភាពសំខាន់ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយមានទិសដៅផ្លាស់ប្តូររចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជា ពីឧស្សាហកម្មប្រើកម្លាំងពលកម្មច្រើន ទៅឧស្សាហកម្មផ្អែកលើជំនាញ និងឧស្សាហកម្មផ្អែកលើបច្ចេកវិទ្យាផងដែរ។ នេះបើតាមការបញ្ជាក់ពីលោកឧបនាយកនាយករដ្ឋមន្ត្រីដដែល។

សូមបញ្ជាក់ថា រយៈពេល៣ឆ្នាំនៃការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត រោងចក្រសហគ្រាស ក្រុមហ៊ុននៅកម្ពុជា បានកើនឡើងពីជាង៧ពាន់ពោលគឺកើតពីជាង៤ម៉ឺន មកដល់ជាង៤,៧ម៉ឺនដែលធ្វើឱ្យពលរដ្ឋប្រមាណជាង២,៣លាននាក់មានការងារធ្វើក្នុងប្រព័ន្ធ៕

To Top